Register Already an agent ? Login

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា វឌ្ឍនភាព ៥៣%

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣%។ បើតាម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យ។

លោក ប៉េង ពោធិ៍នា ដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

នឱកាសនោះ លោក រដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនសាងសង់គិតគូរពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់មុនផែនការគ្រោងទុក និងប្រកបដោយគុណភាព។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា តាមផែនការគម្រោងសាងសង់ស្ពាននេះ មានទទឹង២៧ម៉ែត្រ មាន៤គន្លង សម្រាប់រថយន្ត មាន ២កន្លងសម្រាប់ម៉ូតូ និង ២គន្លងទៀត សម្រាប់ថ្មើរជើង។ ស្ពានតម្លៃមាន ៦០លានដុល្លារ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន គឺប្រើរយៈពេល ៤២ខែ។

ក្រោយសាងសង់រួចស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។

ជាពិសេសស្ពាននេះ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ រួមទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)