ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣លានដុល្លារ ក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ពង្រឹងសន្តិសុខទឹក និងលើកកម្ពស់ភាពធន់និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។
កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ ធន់ និងមានសុវត្ថិភាពទឹកនេះ ជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងទីក្រុងចំនួន ១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ ជាការបញ្ជា្កក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ADB។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ADB នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តថា កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ ១៥% នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធីគឺជាគ្រួសារក្រីក្រ។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងដែលធន់នឹងអាកាសធាតុនិងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែងផងដែរ។
លោកស្រី បានបន្តថា តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២លាននាក់ ដោយធានាថាសូម្បីតែសហគមន៍ដែលងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ។
ខណៈប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹកនិងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត ៨៣% ក្នុងឆ្នាំ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី ៧៣% និង អនាម័យកើនឡើងពី ៥៤% កាលពីឆ្នាំ២០១៥ បញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ បើតាមបន្ត សេចក្ដីប្រកាសព័ត៌មាន ADB។
សេចក្ដីប្រកាសព័ត៌មាន បានបន្តទៀតថា សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ និងដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងអាកាសធាតុដែលប្រែប្រួលខ្លាំង។
កម្មវិធីវិនិយោគនេះ បែងចែកជា ៤កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦លានដុល្លារ ដោយប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្ត។
ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥.000នាក់ ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥00,000កន្លែង។
គួរបញ្ជាក់ថា ជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាពដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់ ១០,៦ ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់ ១០% ។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៤៧,៨% ពី ៤,៦ លាននាក់ក្នុងឆ្នាំ ២០២៤ ដល់ ៦,៨ លាននាក់ (៣៥% នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ ២០៤០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)