ភ្នំពេញ៖ រយៈពេលជិត១១ខែនៃឆ្នាំ២០២៥ បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជិត ៦០០គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩.៤ប៊ីលានដុល្លារ អាម៉េរិក។ តួលេខនេះ គឺលើសកំណត់ត្រាដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤។ បើតាម សេចក្តីប្រកាសព័ត៌មានរួម ស្តីពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន អបអរសាទរខួប ២៥ឆ្នាំ នៃកិច្ចសន្ទនា ភាពជាដៃគូ និងកំណែទម្រង់។
តួលេខនេះ គឺលើសកំណត់ត្រាដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ ដែលក្នុងរយៈពេល១ឆ្នាំពេញ បានអនុម័ត គ.ល.គ. ចំនួន ៤១៤គម្រោង។ បើតាមការបន្ត សេចក្តីប្រកាសព័ត៌មានរួម។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងវេទិកាខាងលើថា ក្នុងពេលដែលយើងប្រារព្ធពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតយន្តការ G-PSF នាពេលនេះ យន្តការនេះគឺកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ក្នុងបរិបទនៃបញ្ហាប្រឈមថ្មីៗក្នុងតំបន់ រួមមានបម្រែបម្រួលនៃបរិបទពាណិជ្ជកម្មសកល យន្តការនេះនឹងជួយ ពង្រឹងសមត្ថភាពស្ថាប័ន និងគាំទ្រវិស័យឯកជន ក្នុងការសម្រេចបាននូវសក្តានុពលជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ចកម្ពុជា។
យើងនឹងបន្តអភិវឌ្ឍយន្តការ G-PSF និងធានាឱ្យបាននូវលទ្ធផលប្រកបដោយផ្លែផ្កា នៃ កិច្ចសន្ទនារបស់ក្រុមការងារតាមវិស័យនៃវេទិកា G-PSF។ ជាការថ្លែងបន្ត លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.)។
ក្នុងវេទិកានេះដែរ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា អូស្ត្រាលីគាំទ្រដល់ការរៀបចំគោលនយោបាយដែលពឹងផ្អែកលើមូលដ្ឋានភស្តុតាងរឹងមាំ និងកិច្ចសន្ទនាដែល ប្រកបដោយបរិយាបន្ន។
លោក បានថ្លែបន្តថា យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក និងសភាពាណិជ្ជកម្ម កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅក្នុងវេទិកាដ៏សំខាន់មួយនេះ ដែលជួយសម្រួលដល់ កិច្ចសន្ទនាគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលផ្នែកឯកជននៃវេទិកា G-PSF ដោយបានបង្ហាញនូវទស្សនៈនិងគោលគំនិតរបស់ពួកគេ និងផ្តល់នូវអនុសាសន៍រួមដល់រាជរដ្ឋាភិបាលកម្ពុជា។ ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមចំណែកក្នុងសេដ្ឋកិច្ច គឺជាគន្លឹះសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលផ្នែក សេដ្ឋកិច្ច និងការអភិវឌ្ឍ។ ជាការថ្លែងបញ្ជាក់ លោក ដេរិក យីប។
បើតាមសេចក្តីប្រកាសព័ត៌មានរួម របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានទទួលការឯកភាពពីកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់ សម្តេចមធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
របាយការណ៍នេះ បានរៀបរាប់ លម្អិតអំពីវឌ្ឍនភាពនៅតាមវិស័យកំណែទម្រង់អាទិភាព រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ពន្ធដារ ពន្ធគយ កសិកម្ម និងការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិ។
របាយការណ៍នេះ ក៏រំលេចផងដែរនូវ វឌ្ឍនភាពនៃការ អនុវត្តវិធានការកែទម្រង់ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ របស់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាមវិស័យ ដោយវិធានការដែលសម្រេចពេញលេញមានចំនួន ៩៣% និងវិធានការនៅសេសសល់ចំនួន ៧%ទៀត គឺកំពុងបន្តអនុវត្ត ដែលបង្ហាញថាការអនុវត្តវិធានការកំពុងដំណើរការយ៉ាងរលូន ឈានទៅរក វេទិកា G-PSF លើកទី២០ ដែលរំពឹងថានឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
របាយការណ៍វឌ្ឍនភាព ក៏បានរំលេចនូវវឌ្ឍនភាពនៃការដោះស្រាយបញ្ហា ដែលបានលើកឡើងនៅតាមក្រុមការងារតាមវិស័យទាំង១៦ ផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងក្រុមការងាររាជរដ្ឋាភិបាលនិងផ្នែកឯកជននៃវេទិកា G-PSF ទាំង ១៦, សភាពាណិជ្ជកម្មកម្ពុជា, ស្ថានទូត, សភាពាណិជ្ជកម្មអន្តរជាតិ, សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)