Register Already an agent ? Login

តើសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចុះបញ្ជីជាអ្នកជាប់ពន្ធតូច មធ្យម ឬធំ?

ភ្នំពេញ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ជាអ្នកជាប់ពន្ធមធ្យម កាលបើសហគ្រាសនោះ ចុះបញ្ជីជាអង្គការមិនស្វែងរកប្រាក់ចំណេញ។

ប្រសិនបើសហគ្រាសនោះ ចុះបញ្ជីជាអង្គការស្វែងរកប្រាក់ចំណេញគឺត្រូវចុះបញ្ជីជាអ្នកជាប់ពន្ធតូច មធ្យម ឬធំតាមករណីជាក់ស្តែង ដោយផ្អែកលើផលរបរ ឬទ្រព្យសកម្មអាជីវកម្ម។ នេះជាការបញ្ជាក់ លោក ទូច ជាកាដូ ប្រធាន ការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងលោក ខែន គឹម អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលនិង កិច្ចការទូទៅ។

តាមបញ្ជាក់ មន្រ្តីជាន់ខ្ពស់ពន្ធដារទាំងពីរ ជាវាគ្មិនក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “កាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល”។

ចំណុចគួរឱ្យកត់សម្គាល់ វាគ្មិនក្នុងកម្មវិធីពន្ធដារកម្ពុជា ក៏បានបញ្ជាក់បន្ថែមផងដែរថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលអាចស្នើសុំ ចុះបញ្ជីពន្ធដារនៅការិយាល័យចុះបញ្ជីពន្ធដារ នៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ឬសាខាពន្ធដារខេត្ត-ខណ្ឌ និងត្រូវបំពេញពាក្យស្នើសុំចុះបញ្ជីពន្ធដារនិងបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ តាមទម្រង់ ១០១ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

- លិខិតបញ្ជាក់ការចុះបញ្ជីដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬក្រសួង-ស្ថាប័នមាន សមត្ថកិច្ចផ្សេងទៀត

- លក្ខន្តិកៈសមាគម-អង្គការ

- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាពរបស់ប្រធាន ឬ អ្នកតំណាង

- រូបថតបច្ចុប្បន្នភាពមិនលើសពីរយៈពេល៣ខែ ដែលមានទំហំ ៣៥x៤៥ មិល្លីម៉ែត្រ និងមានផ្ទៃពណ៌សចំនួន ២សន្លឹក របស់ប្រធាន ឬ អ្នកតំណាង

- បណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំងដែលមានចំណុចនិយាមការទីតាំងរបស់ទីស្នាក់ការ ឬទីចាត់ការសហគ្រាស

- លិខិតជូនដំណឹងស្តីពីការផ្ទេរសិទ្ធិជូនបុគ្គលទទួលបន្ទុកកិច្ចការពន្ធ (ប្រសិនបើមានអ្នកទទួលបន្ទុកជំនួស)

- លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅធនាគាររបស់សហគ្រាសដែលចេញដោយធនាគារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)