Register Already an agent ? Login

ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ៩២% ខណៈ រាជធានី-ខេត្តទាំង២៥ ODF

ភ្នំពេញ៖ ផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ ដោយបានបង្កើនអាត្រាទទួលបានសេវាទឹកស្អាតនិងអនាម័យជនបទរហូតដល់ ៩២%។ បើតាមការថ្លែង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តថា ខណៈរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ការថ្លែង លោក ឆាយ ឫទ្ធិសែន ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យដំណើរការផែនការវិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០” របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានកំណត់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ផងដែរ។

លោក បានបន្តថា ជោគជ័យនូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ ក្នុងនោះ ផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥%។

ក្រសួងក៏បាននិងកំពុងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មជាតិជំហានទី៣ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០ និងការកំណត់នូវគោលដៅថ្មីៗបន្ថែមទៀត ផងដែរ។ ជាការថ្លែងបន្តទៀត លោក ឆាយ ឫទ្ធិសែន។

នាឱកាសនោះ លោក បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមគាំទ្រនិងសហការជាមួយរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ លើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដើម្បីឈានទៅសម្រេចគោលដៅនៃអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ទី១-ដើម្បីជំរុញឱ្យមានការគាំទ្រផែនការទឹកស្អាត និងអនាម័យ (២០២៦-៣០) ក្រោមប្រធានបទ “ផែនទីខ្សែទឹកពណ៌ខៀវ” (Mapping the Blue Thread)។

ទី២-ផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋាភិបាល ក្រសួង ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ពន្ធ័ផ្សេងៗពីគំនិតផ្តួចផ្តើមថ្មីៗ នៃគម្រោងផែនការទឹកស្អាតនិងអនាម័យសម្រាប់ឆ្នាំ២០២៦-២០៣០ (WASH Bussiness Plan 2026-30) និងទី៣) អំពាវនាវឱ្យមានចក្ខុវិស័យរួម និងសហការប្រត្តិបត្តិការរួមគ្នាក្នុងការអនុវត្តកម្មវិធី ទឹកស្អាតនិង អនាម័យនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)