Register Already an agent ? Login

គម្រោងចំនួន១៩ ទុនវិនិយោគ ២៧៦លានដុល្លារ និងអាចបង្កើតការងារជិត ២ពាន់កន្លែង នៅព្រះសីហនុ

ព្រះសីហនុ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ២៧៦លានដុល្លារ និងអាចបង្កើតការងារជិត ២ពាន់កន្លែង។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន ១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ២៧៦លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១ ៨៤៥កន្លែង។ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន៧ និងគម្រោងថ្មីចំនួន ១២។

គម្រោងទាំងនេះ រួមមានគម្រោងសណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងច្រកផលិតគ្រឿងសង្ហារឹម រោងចក្រផលិតដំណាប់ផ្លែឈើ និងកែច្នៃគ្រាប់ធញ្ញជាតិ និង គម្រោងរោងចក្រផលិតទឹកស្អាត និង ផ្គត់ផ្គង់អគ្គិសនី។ តាមការបញ្ជាក់ កិច្ចប្រជុំខាងលើ។

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសនេះ យ៉ាងសស្រាក់សស្រាំប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ។

ជាមួយនេះ លោក បានគូសបញ្ជាក់អំពីកិច្ចសហការយ៉ាងសកម្មរវាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានបង្កើន និងពង្រឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ តាមរយៈការងារគន្លឹះចំនួន ៤-ការលើកទឹកចិត្តផ្នែកពន្ធ និងការសម្របសម្រួលផ្នែករដ្ឋបាល ២-ការជំរុញការវិនិយោគប្រកបដោយគុណភាព ៣-ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និង ៤-ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

លោក ក៏បានគូសបញ្ជាក់អំពីចំណុចពិសេស នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និងថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និងប្រកបដោយយុទ្ធសាស្ត្រ។

គួររម្លឹកផងដែរថា ចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ជូនគម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៧១លានដុល្លារ និងប៉ាន់ស្មានអាចបង្កើតការងារបាន ៥០ ៦៧០កន្លែង។

ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមាន ចំនួន១៨៦ គម្រោងថ្មីមានចំនួន១៦៦ គម្រោងពង្រីកមានចំនួន២៥ និងគម្រោងមានស្រាប់ចំនួន១៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)