Register Already an agent ? Login

កម្ពុជា-អាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងដោយឡែក ទឹកប្រាក់៥៥លានដុល្លារ

ភ្នំពែញ៖ កម្ពុជា-សហព័ន្ធអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន ៤៧,៥លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥លានដុល្លារអាម៉េរិក។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបុព្វសិទ្ធិ ពីនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល ជាមួយលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក្នុងនាមរដ្ឋាភិបាលអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះ មានទឹកប្រាក់សរុបចំនួន ៤៧.៥លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ចំនួន ៣០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងទឹកប្រាក់ចំនួន ១៧.៥លានអឺរ៉ូ សម្រាប់គម្រោងនេះជំហានទី៣។

គម្រោងទាំងពីរ ជំហានខាងលើនេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ បើតាមការបន្ត សេចក្ដីប្រកាសព័ត៌មាន។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម ២២kV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅខេត្តឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ការសាងសង់ និងពង្រីកអនុស្ថានីយ៍ ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធអាគុយស្តុកថាមពល។

នៅក្នុងពីធីនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានអបអរសាទរចំពោះកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី១៨-១៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលបានឯកភាពគ្នាលើបញ្ជីគម្រោង/កម្មវិធី ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល អភិវឌ្ឍន៍ផ្លូវជនបទ រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ដទៃទៀត រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរយៈពេលយូរអង្វែងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។ តាមការគូសបញ្ជាក់ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)