កោះកុង៖ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់និងបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០គ.ម ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងពិធីខាងលើ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរ បងប្អូនប្រជាជនក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍ជីផាត។
ជាក់ស្ដែង ការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែ ប្រវែងសរុប ៣២,១០គគីឡូម៉ែត្រនេះ មានតម្លៃជាង ៥លានដុល្លារ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១ ៣៩៣គ្រួសារ ស្មើនឹង ៦ ១៤៥នាក់ រស់នៅក្នុងឃុំចំនួន៤ គឺ៖ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង។ ជាការថ្លែងបន្ត លោក ឆាយ ឫទ្ធិសែន។
ក្នុងពិធីនោះ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ក្នុងបុព្វហេតុគាំទ្រនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈគម្រោងនិរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នាឱកាសនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងបញ្ជាក់ថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាម សេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា។
ក្នុងពិធីនោះដែរ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកឡើងអំពីស្ថានភាពភូមិសាស្ដ្រ សង្គមកិច្ច សេដ្ឋកិច្ច សក្ដានុពលទេសចរណ៍ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តកោះកុង។
បើតាម លោក សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានធ្វើលើកឡើងក្នុងរបាយការណ៍បញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា អនុវត្តដោយក្រសួងចំនួន២ គឺក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន មានរយៈពេលអនុវត្ត ៨ឆ្នាំ (ឆ្នាំ២០១៩ -២០២៧) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក។
លោក បានបន្តថា ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តលើការងារសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដល់សហគមន៍អេកូទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)