Register Already an agent ? Login

ពន្ធដារ រំលឹកលើកទី២ នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង រំលឹកលើកទី២ នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់នៅ ថ្ងៃទី៣០ ខែវិច្ឆិកានេះ។

រហូតមកទល់ពេលនេះ អគ្គនាយកពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។

ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់មក បង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រ បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ជាការបញ្ជាក់ អគ្គនាយដ្ឋានពន្ធដារ។

អគ្គនាយដ្ឋានពន្ធដារ បានបន្តថា ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវ ទណ្ឌកម្មរដ្ឋបាល(ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០%នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ស្តីពី សារពើពន្ធជាធរមាន។ បើតាមការ បញ្ជាក់បន្ត អគ្គនាយដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារ នឹងចេញលិខិតជូនដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅ តាមដងផ្លូវនានា ឬចាត់វិធានការផ្សេងៗតាមការចាំបាច់ បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)