Register Already an agent ? Login

គម្រោងអភិវឌ្ឍសណ្ឋាគារផ្កាយ៥និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រះសីហនុផ្ទៃដី១៦ហិកតា ទុនវិនិយោគ១ពាន់លានដុល្លារ

ព្រះសីហនុ៖ គម្រោងរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd. អភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅជិតទីលានតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កំពុងដំណើរការសាងសង់លើផ្ទៃដីសរុបប្រមាណ ១៦ហិកតា ជាមួយនឹងទុនវិនិយោគដំបូងប្រមាណ ៥៧៤លានដុល្លារ។

តាមការវាយតម្លៃរបស់ក្រុមហ៊ុន នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ទុនវិនិយោគនឹងកើនឡើងដល់ប្រមាណ ១ពាន់លានដុល្លារ ដែលនឹងក្លាយជាគម្រោងដ៏សំខាន់មួយនៅក្នុងខេត្តព្រះសីហនុ។

គិតមកដល់បច្ចុប្បន្ន គម្រោងទាំងមូលបានសាងសង់រួចរាល់ប្រមាណ ៤៥ភាគរយ ហើយក្នុងនោះ អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ (កម្ពស់ ៣៧ជាន់ ចំនួន ២,៨៧០បន្ទប់) បានសង់ដល់កម្ពស់ ៣០ជាន់។

ដោយឡែកអគារការិយាល័យ និងខុនដូរ បានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងនេះត្រូវបានបែងចែកជា ២តំបន់៖ តំបន់ B អគារខុនដូរ និងអគារពាណិជ្ជកម្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦, តំបន់ A សណ្ឋាគារលំដាប់ផ្កាយ៥, ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ គម្រោងនេះបានផ្តល់ឱកាសការងារសរុបប្រមាណ ៣,០០០នាក់ និងប៉ាន់ស្មានថានឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥,០០០នាក់ នៅពេលបញ្ចប់។

ការអភិវឌ្ឍដ៏ធំនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍លំដាប់អន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធី ដំឡើងធ្នឹមតភ្ជាប់សំណង់អគារដ៏ធំសម្បើម របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd.។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ការដំឡើងធ្នឹមជាប្រវត្តិសាស្ត្រ ធ្នឹមដែលត្រូវបានដំឡើងតភ្ជាប់សំណង់អគារសណ្ឋាគារនាពេលនេះ មានទម្ងន់សរុបប្រមាណ ១,៨០០តោន ដែលមានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹង ២៥ម៉ែត្រ។ ការងារស្ទូចដែកតំណរជាឆ្អឹងអាគារនេះ ត្រូវបានលើកឡើងកម្ពស់ ១៣ជាន់ស្មើនឹង ៥៩ម៉ែត្រ ដោយភ្ជាប់ពីជាន់ទី១៣ ដល់ជាន់ទី១៦ ក្នុងល្បឿន ៥ម៉ែត្រក្នុងមួយម៉ោង និងប្រើប្រាស់ពេល ២ថ្ងៃ។ ភាពជោគជ័យនៃការដំឡើងធ្នឹមដ៏ធ្ងន់នេះ បានបង្ហាញពីសមត្ថភាពបច្ចេកទេស និងវឌ្ឍនភាពដ៏លឿនរបស់គម្រោង។

សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាដៃគូសហការដ៏សំខាន់ជាមួយសណ្ឋាគារអន្តរជាតិ Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG) ក្រោមអធិបតីភាពឯកលោក ម៉ាង ស៊ីណេត។ កិច្ចសហការនេះមានគោលបំណងជំរុញទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ដើម្បីនាំយកផលិតផលគុណភាពខ្ពស់ និងទុនវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)