Register Already an agent ? Login

រយៈពេល១០ខែឆ្នាំ កម្ពុជារកចំណូលបានជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ១១លានតោន

ភ្នំពេញ៖ ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស មានបរិមាណសរុប ១១ ៨៩០ ០០៥,៥៥តោន ទទួលបានទឹកប្រាក់ចំនួន ៤ ១៨៣ ១២៦ ៦២៥,៧០ដុល្លារអាមេរិក កើន ២៨,៥៧% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤​។ បើតាមអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ។

ក្នុងនោះ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ៧៤៤ ៤៥៥,៤១តោន ស្រូវចំនួន ៥ ៤៤៦ ៦១១,១៤តោន និងអង្ករចំនួន ៦៩៨ ៩៣៩តោន ដែលបាននាំចេញទៅកាន់ទិសដៅ ៩០ប្រទេស។ បើតាមការបន្ត អគ្គនាយកដ្ឋានកសិកម្ម។

ការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៥៣៤ ៤៩៦ ៤៤៧,២៧ដុល្លារ និងការនាំចេញស្រូវមានចំនួន ១ ០៩២ ០៩៩ ៩៩៩,៦៨ដុល្លារ និងតម្លៃពីការនាំចេញអង្ករមានចំនួន ៥៥៦ ៥៣០ ១៧៨,៧៥ដុល្លារ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ មានការកើនឡើងចំនួន ២ ៦៤២ ៣៧៧,៦៩តោន ក្នុងនោះ ការនាំចេញស្រូវកើនឡើងចំនួន ១ ៩៨៥ ៣៣៥,៦៦តោន ការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករកើនឡើងចំនួន ៤៦៥ ១៣២,០៣តោន និងការនាំចេញអង្ករកើនឡើងចំនួន ១៩១ ៩១០តោន បើធៀបទៅនឹងរគ្រាដូចគ្នាក្នុងឆ្នាំ២០២៤។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ប្រទេសថៃមក កម្ពុជាបាននាំចេញផលិតផលដំណាំទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២ ៣៩៨,២៩តោន ស្មើនឹង ៧ ០៤៩ ០១៥,២២ដុល្លារ ​ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ដំណាច់ខែតុលា ឆ្នាំ២០២៥​។ ​

ការនាំចេញក្នុងខែតុលា មានចំនួន ៦៧០,១០តោន ស្មើនឹង ១ ២៥០ ៣១៥,៥០ដុល្លារ មានការថយចុះចំនួន ២៧,៥២% ​ស្មើនឹង ៤៧៤ ៦១៥,៥០ដុល្លារ បើធៀបនឹងខែកញ្ញាដែលមានចំនួន ៣៧៧,៤០តោន ស្មើនឹង ១ ៧២៤ ៩៣១ដុល្លារ។ បើតាមរបាយការណ៍ដដែ។

បើតាមរបាយការណ៍ដដែលនេះ ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៦០,៩១% និងម្សៅដំឡូងមីកើនឡើងចំនួន ៨២,៥៩% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)