ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានប្រមាណ ១.៤ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៧។
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាកម្រិតខ្ពស់ ស្ដីពីយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប។
កិច្ចសន្ទនាកម្រិតខ្ពស់នេះ មានការចូលរួមពីលោក លោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន២៥ និងតំណាងជាន់ខ្ពស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប រួមមានឯកអគ្គរាជទូតព្រះរាជាណាចក្របែលហ្ស៊ិក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអៀរឡង់។
គោលដៅចម្បងនៃកិច្ចសន្ទនានេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តយុទ្ធសាស្ត្ររួមអឺរ៉ុបឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបបានប្តេជ្ញាផ្តល់ហិរញ្ញប្បទានប្រមាណ ១.៤ ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៧។
ដោយ៖ មឿន ឌីណា (Moeun Dyna)