Register Already an agent ? Login

អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភព

ភ្នំពេញ៖ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World’s Best Rice)។

ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា។

កម្មវិធីនេះ មានការគាំទ្រពី អូស្ត្រាលីតាមរយៈភាពជាដៃគូអូស្រ្តាលីកម្ពុជាដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សហព័ន្ធស្រូវអង្ករកម្ពុជា និងបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

កម្ពុជាតែងតែចូលរួមកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកជារៀងរាល់ឆ្នាំ ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៩មកម្ល៉េះ។ ហើយកម្ពុជាក៏តែងតែយកសំណាកគំរូអង្ករទៅចូលរួមប្រកួត ដែលមកដល់ពេលនេះ កម្ពុជាទទួលបានឈ្នះពានរង្វាន់ចំនួន៧លើក។ ជាការលើកឡើង លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក បានបន្តថា នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ បើតាមគណៈកម្មការរៀបចំបានឱ្យដឹងថា មានសំណាកអង្ករប្រមាណជាង ៣០ប្រភេទ មកពីប្រទេសផ្សេងៗជាច្រើន ក្នុងនោះក៏បានវាយតម្លៃថា អង្ករកម្ពុជាល្អដាច់គេលើពិភពលោក។ ទាក់ទិនការនាំយកសំណាកអង្ករទៅចូលរួមប្រកួតនេះ លោក បានបញ្ជាក់ថា គឺបាននាំយកពូជស្រូវជាច្រើនប្រភេទ ប៉ុន្តែជាលទ្ធផល មានតែពូជស្រូវផ្ការំដួល ដែលគណៈកម្មការវាយតម្លៃថា មានគុណភាពល្អ។

គូសបញ្ជាក់ផងដែរថា នេះគឺជាលើកទី៧ ដែលកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុត នៅកម្មវិធីលំដាប់ពិភពលោក ចាប់ផ្ដើមពីការឈ្នះលើកទី១ ក្នុងឆ្នាំ២០១២ លើកទី២ ឆ្នាំ២០១៣ លើកទី៣ ឆ្នាំ២០១៤ លើកទី៤ ឆ្នាំ២០១៨ លើកទី៥ ឆ្នាំ២០២២ និងលើកទី៦ ក្នុងឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)