ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ប៊ីលានដុល្លារ គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៦៧%។ បើសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារ។ ជាការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល១០ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង។
គម្រោងវិនិយោគចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគ ៥៧៥ (២១៨គម្រោង ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ទុនវិនិយោគ ៩,២ លានដុល្លារ បង្កើតការងារ ៤០០ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ទុនវិនិយោគតាមវិស័យ (គិតជាធុល្លារអាម៉េរិក) វិស័យឧស្សាហកម្ម ៥,៥ប៊ីលាន, វិស័យហេដ្ឋារចនាសម្ព័ន្ត និងផ្សេងៗ ៣,១ប៊ីលាន, កសិកម្ម និងកសិ-ឧស្សាហកម្ម ៤០៥លាន និងទេសចរណ៍ ១៧៥លាន។
គួរបញ្ជាក់ថា ប្រភពទុនវិនិយោគឈានមុខ 1. ចិន ៥២,៣៨% 2. កម្ពុជា ៣២,៨៩% 3. សិង្ហបុរី ៥,៩៧% 4. វៀតណាម ៤,៤២% 5. កោះ: British Virgin ១,៦៩% 6. អង់គ្លេស ០,៥៣% 7. សហរដ្ឋអាមេរិក ០.៤៥% 8. កោះ: Caymen ០,៤៣% 9. កោះ Samoa ០.៣៦% 10. ប៊ីមុនជា ០,២៨%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)