Register Already an agent ? Login

ម្ចាស់អចលនទ្រព្យមិនទាន់បានប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឆ្នាំ២០២៥ អាចបន្តប្រកាសដល់ថ្ងៃទី៣១ ខែធ្នូ

ភ្នំពេញ៖ ម្ចាស់អចលនទ្រព្យដែលមិនទាន់បានប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ អាចបន្តប្រកាសនិងបង់ប្រាក់ពន្ធរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនទទួលរងទណ្ឌកម្មរដ្ឋបាល។ បើតាមការបញ្ជាក់ អគ្គនាយកដ្ឋានពន្ធដារ។

ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។

ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងលេខ ៣២៣២២ អពដ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានពន្យារពេលប្រកាសនិងបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ការពន្យារពេលនៃការប្រកាស និងបង់ប្រាក់ពន្ធនេះ ផ្តល់លទ្ធភាពដល់ម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ អាចបន្តប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ដោយមិនទទួលរងនូវទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម និងការប្រាក់នោះឡើយ។

ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាម មធ្យោបាយណាមួយក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

- តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App

- នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ

- នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ ២ ជំហានប៉ុណ្ណោះ តាមរយៈ មុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)