Register Already an agent ? Login

អត្ថប្រយោជន៍ជាមូលដ្ឋានមួយចំនួនសម្រាប់អ្នកជាប់ពន្ធ ពីកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា

ភ្នំពេញ៖ ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋាន សំខាន់ៗ មួយចំនួនដល់អ្នកជាប់ពន្ធ។

 ក្នុងនោះមាន៖

- ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤% មក ១០%

- ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក ១០% ឬលើកលែងពន្ធ

- ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក ៥០%

- ទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍ អន្តរជាតិ ក្រោម DTA

- ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ ក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា៖

សម្រាប់នីតិបុគ្គល៖

១. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម

២. វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនដើម (Certificate of Incorporation) ថតចម្លង និងមានបញ្ជាក់

៣. លក្ខន្តិកៈក្រុមហ៊ុន (Company Statute) ថតចម្លង និងមានបញ្ជាក់

៤. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់

៥. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម

៦. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង

សម្រាប់រូបវន្តបុគ្គល៖

១. អត្តសញ្ញាណប័ណ្ណបើខិតឆ្លងដែន (Identification Card/Passport) ថតចម្លង និងមានបញ្ជាក់

២. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម

៣. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់

៤. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម

៥. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង។

គួរបញ្ជាក់ផងដែរថា កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ១១ ក្នុងនោះមានរដ្ឋបាលសារពើពន្ធ ថៃ, សិង្ហបុរី, ព្រុយណេ, ចិន, វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។

កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ចំនួន ២ បានចុះហត្ថលេខារួចរាល់ ដោយកំពុងបន្តរៀបចំនីតិវិធីក្នុងការដាក់កិច្ចព្រមព្រៀងចូលជាធរមាន រួមមាន DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន។

បន្ថែមពីលើនេះ DTA កម្ពុជា-មីយ៉ាន់ម៉ា និង DTA កម្ពុជា-បារាំង ត្រូវបានបញ្ចប់កិច្ចចរចា និង DTA រវាងកម្ពុជាជាមួយរដ្ឋបាលសារពើពន្ធចំនួន ៦ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា រួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក កាតា អាស៊ែបៃហ្សង់ និងចក្រភពអង់គ្លេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)