Register Already an agent ? Login

សិទ្ធិចាត់តំណាងស្របច្បាប់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ

ភ្នំពេញ៖ យោងតាមមាត្រា២០៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិចាត់ឱ្យបុគ្គលម្នាក់ទៀតជាតំណាងធ្វើសកម្មភាពជំនួសមុខខ្លួនក្នុង កិច្ចការនានាទាក់ទិននឹងពន្ធដារ តាមរយៈលិខិតផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ។

មិនតែប៉ុណ្ណោះ អ្នកជាប់ពន្ធអាចកំណត់ព្រំដែនសិទ្ធិអំណាច នៃការផ្ទេរសិទ្ធិនេះ ដោយអ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដោយផ្ទាល់ចំពោះរាល់សកម្មភាពរបស់បុគ្គលដែលជាតំណាង ស្របច្បាប់របស់ខ្លួន ឬបុគ្គលដែលបានទទួលការផ្ទេរសិទ្ធិពីខ្លួនរហូតដល់ពេលណាដែលរដ្ឋបាលសារពើពន្ធបានទទួលសេចក្តីបញ្ជាក់ជា លាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធ ស្តីពីការលុបចោលនូវការផ្ទេរសិទ្ធិនោះ។

បន្ទាប់ពីទទួលបានការចាត់ជាតំណាង តើសកម្មភាពអ្វីខ្លះដែលអ្នកតំណាងអ្នកជាប់ពន្ធមានសិទ្ធិជំនួសមុខឱ្យអ្នកជាប់ពន្ធ? មាត្រា២០៨ ដដែល បានបញ្ជាក់ផងដែរថា បុគ្គលជាអ្នកតំណាងអ្នកជាប់ពន្ធត្រូវមានសិទ្ធិជំនួសមុខឱ្យអ្នកជាប់ពន្ធដើម្បី៖

- ដាក់លិខិតប្រកាសសារពើពន្ធ

-បង្ហាញរបាយការណ៍ ឬលិខិតស្នាមផ្សេងៗ

-បង់ពន្ធអាករទាំងឡាយដែលកំណត់ដោយបទប្បញ្ញត្តិស្តីពីពន្ធដារ

-ធ្វើបណ្ដឹងតវ៉ា

-បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ពន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

គួរបញ្ជាក់ថា បុគ្គលដែលជាតំណាងរបស់អ្នកជាប់ពន្ធក្នុងអំឡុងពេល១៥ (ដប់ប្រាំ)ថ្ងៃ ត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកនូវភស្តុតាង ជាលាយលក្ខណ៍អក្សរនៃការផ្ទេរសិទ្ធិដែលមានសុពលភាព។

បុគ្គលដែលទទួលអាជ្ញាបណ្ណជាភ្នាក់ងារសេវាកម្មពន្ធដារអាចជាតំណាង អ្នកជាប់ពន្ធ និងអាចធ្វើការផ្គត់ផ្គង់សេវាទាក់ទិននឹងពន្ធដារដល់អ្នកជាប់ពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)