Register Already an agent ? Login

សហគ្រាសនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែ ឆ្នាំ ទោះបីស្ថិតក្នុងអំឡុងពេលផ្អាក

ភ្នំពេញ៖ សហគ្រាសនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំ ទោះបីស្ថិតក្នុងអំឡុងពេលផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន។

សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន នៅតែមានកាតព្វកិច្ចក្នុងការដាក់ លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធប្រចាំខែនិងប្រចាំឆ្នាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

ក្នុងអំឡុងពេល នេះផងដែរ សហគ្រាសមិនអាចចេញវិក្កយបត្រអាករលើតម្លៃបន្ថែមលើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម និងមិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពអាជីវកម្មផ្សេងៗទៀតឡើយ។

បើតាមការបញ្ជាក់ពីវាគ្មិនក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ “កាតព្វកិច្ចសារពើពន្ធ ក្នុងអំឡុងពេលផ្អាកសកម្មភាពអាជីវកម្ម។

វាគ្មិន លោក កុល ម៉ារ៉ាដុល្លា ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និង លោក ថៃ ពេជ្រ ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម បានបន្តថា ម្ចាស់សហគ្រាសអាចដាក់ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នបាន ១ដង ក្នុងរយៈពេលមិនលើសពី ៦ខែ និង អាចស្នើសុំបន្តបាន ដោយត្រូវដាក់ពាក្យស្នើសុំឱ្យបានមុនយ៉ាងតិចរយៈពេល ១ខែនៃកាលបរិច្ឆេទផុតកំណត់ការអនុញ្ញាត។

សម្រាប់ការស្នើសុំ ផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ម្ចាស់សហគ្រាសត្រូវមានឯកសារតម្រូវដូចខាងក្រោម៖

-លិខិតស្នើសុំរបស់ក្រុមហ៊ុន ដែលមានហត្ថលេខារបស់ម្ចាស់ក្រុមហ៊ុន និងត្រាក្រុមហ៊ុន ឬអ្នកតំណាង (ក្នុងករណីអ្នកតំណាង ត្រូវមាន លិខិតផ្ទេរសិទ្ធិ) (លិខិតច្បាប់ដើម ១ច្បាប់ និងថតចម្លង ២ច្បាប់)

-ពាក្យស្នើសុំផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន (ទម្រង់ SUS-01) ដែលមានហត្ថលេខានិងត្រា របស់ក្រុមហ៊ុន (ច្បាប់ដើម ១ច្បាប់)

-បណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ

-វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម

-ករណីជាអ្នកតំណាងស្របច្បាប់របស់សហគ្រាស ត្រូវភ្ជាប់មកជាមួយនូវលិខិតផ្ទេរសិទ្ធិ ឬប្រសិនបើអ្នកតំណាងជាបុគ្គលិកក្រុមហ៊ុនត្រូវ ភ្ជាប់មកជាមួយនូវកាតបុគ្គលិក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខទូរសព្ទនិងអ៊ីមែល។

ក្នុងករណីដែលម្ចាស់សហគ្រាសមានបំណងចង់បើកដំណើរការអាជីវកម្មឡើងវិញ ក្នុងអំឡុងពេលអនុញ្ញាតឱ្យផ្អាកដំណើរការ ម្ចាស់សហគ្រាស ត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារយ៉ាងយូររយៈពេល ១៥ថ្ងៃ មុនចាប់ផ្តើមអាជីវកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)