Register Already an agent ? Login

លោក ស៊ុន ចាន់ថុល អញ្ជើញវិនិយោគិនកាណាដាស្វែងយល់ពីសក្តានុពល និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា

តូរ៉ុនតូ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។

តាមការអញ្ជើញនេះ ក្នុងឱកាស លោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា។

គណៈប្រតិភូកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Yasir Naqvi ជាសមាជិកសភាប្រចាំមណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជាលេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ នាព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។

ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកែលម្អបរិស្ថានធុរកិច្ច និងការលើកទឹកចិត្តវិនិយោគតាមរយៈ ច្បាប់វិនិយោគថ្មី។

លោក ស៊ុន ចាន់ថុល ក៏បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។ លោក បានបង្ហាញផងដែរនូវការគាំទ្ររបស់កម្ពុជាលើកិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។

ក្នុងជំនួបនេះ លោក Yasir Naqvi បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាននានា ជាពិសេសក្នុងបរិបទនៃការអនុវត្ត យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា។

បើតាមជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ដោយពិភាក្សាផ្តោតជាចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីតួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដាផងដែរ។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពបន្តកិច្ចសហការលើកិច្ចការវិនិយោគ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតរមួតថែមមួយកម្រិតទៀត។

ជំនួបនេះបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងកាណាដា ក្នុងការធ្វើការរួមគ្នាដើម្បីពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយចីរភាពនិងទំនុកចិត្ត ព្រមទាំងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)