កណ្ដាល៖ កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល សម្រេចការស្ថាបនាបានរួចរាល់១០០% ហើយកាលពីដើមខែតុលា ឆ្នាំ២០២៥។ បើតាក្រសួងសាធារណការ និងដឹកជញ្ជូន។
ខ្សែផ្លូវជាតិដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ស្រុកកោះធំ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានស្ថាបនាឡើង ដែលជាផ្នែកមួយចម្បង និងជាផ្លូវយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពក្នុងការជួយសម្រួលដល់ការធ្វើចរាចណ៍របស់ពលរដ្ឋ។
គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ រួមមាន ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC ការរចនាចិញ្ចើមផ្លូវការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់។
ការសាងសង់លើកគុណភាពផ្លូវនេះ នឹងពង្រីកទទឹងតួផ្លូវ ១១ម៉ែត្រ ក្រាលកៅស៊ូ AC ដែលមានកម្រាស់ ៨សង់ទីមែត្រ រួមទាំងលើកទទឹងតួផ្លូវ ១០ម៉ែត្រ ដែលមានគន្លងសម្រាប់រថយន្តនិងទោចក្រយាន្ត ២គន្លងទៅមក។
គម្រោងនេះ នឹងត្រូវស្ថាបនាស្ពានចំនួន ៤កន្លែង លូមូលកាត់ទន្ទឹងផ្លូវ ៣៣កន្លែង លូប្រអប់ ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១៥៥៨ម៉ែត្រ។ បន្ថែមពីនេះ ក៏មានការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមបច្ចេកទេសផ្លូវថ្នល់ផងដែរ។
កំណាត់ផ្លូវជាតិលេខ២៣នេះ ត្រូវបានអនុវត្តន៍សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ ខូអិលធីឌី ដោយប្រើពេលសាងសង់ ២៤ខែ និងរយៈពេលថែទាំ ៣៦ខែ ប្រើថវិកាសម្បទានឥទានរបស់ធនាគាអភិវឌ្ឍអាស៊ី ២១,៦៨លានដុល្លារ។
គួរបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត បានផ្ដល់ការអភិវឌ្ឍយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សុខមាភាពសង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ផ្លូវនេះ នឹងជួយបម្រើដល់សេដ្ឋកិច្ចសង្គម ជំរុញការដឹកជញ្ជូនទំនិញ កសិផល និងជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋកាន់តែងាយស្រួលបន្ថែមទៀត។
កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដែលមានសក្ដានុពល ប្រទាក់ក្រឡាតភ្ជាប់ជាមួយផ្លូវខេត្តលេខ១១០ និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំប្រទល់កម្ពុជា-វៀតណាម។ តភ្ជាប់ផ្លូវជាតិលេខ១៤ ទិសដៅឆ្ពោះទៅអ្នកលឿង ខេត្តព្រៃវែង និងតភ្ជាប់បណ្ដាញខ្សែផ្លូវផ្សេងៗទៀតនៅក្នុងតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)