
កណ្ដាល៖ ផ្លូវជាតិលេខ២១ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។
ផ្លូវជាតិលេខ២១ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ផ្លូវជាតិលេខ២១ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC មានប្រវែង ៦៣,៦គីឡូម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ឆ្ពោះទៅស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៣មីនា ឆ្នាំ២០២២។ ផ្លូវជាតិនេះ ក្រាលបេតុងផ្លូវកៅស៊ូប្រភេទAC មានប្រវែង ៦៣,៦គីឡូម៉ែត្រ។
សមិទ្ធផលនៃផ្លូវមួយនេះ កម្ពុជាបានពីកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងទំហំថវិកាជាង ៦០លានដុល្លារ និងថវិកាប្រមាណ ១០លានដុល្លារទៀត ជាបដិភាគរបស់រដ្ឋាភិបាល កម្ពុជាផ្ទាល់។ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd។
ផ្លូវជាតិលេខ២១ ជាផ្លូវដែលមមាញឹក ក្នុងការដឹកជញ្ជូនទំនិញនិងកសិផលរវាងកម្ពុជាវៀតណាម ដូច្នេះបន្ទាប់ពីផ្លូវនេះបានស្ថាបនារួចរាល់ បានធ្វើឱ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល លឿនរហ័សនិងចំណេញពេលវេលាផងដែរ។
ផ្លូវទាំងអស់ដែលតភ្ជាប់រវាងកម្ពុជានិង វៀតណាម គឺផ្លូវលេខ២១នេះហើយ ដែលជិតជាងគេ ក្នុងការផ្លាស់ប្ដូរទំនិញជាមួយប្រទេសវៀតណាម ពិសេសគឺការនាំអគ្គិសនីចូលមកកាន់កម្ពុជាក៏ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ)នេះផងដែរ។
គួបញ្ជាក់ថា ការកសាងផ្លូវជាតិលេខ២១ ចែកចេញជា២ ដំណាក់កាល ដោយដំណាក់កាលទី១ ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ត្រូវបានសាងសង់នៅឆ្នាំ២០១៥ និងបញ្ចប់ នៅឆ្នាំ២០១៧ និងដំណាក់កាលទី២ ផ្លូវប្រវែង ៨,៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ និងបញ្ចប់នៅឆ្នាំ២០១៩៕
ដោយ៖ មឿន ឌីណា (Moeun Dyna)