
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ” នាព្រឹកថ្ងៃចន្ទ ទី២០ តុលា ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលយន្តហោះគ្រប់ប្រភេទ ទាំងតូច ទាំងធំ ឱ្យចុះចតបានដោយសុវត្ថិភាព ជាការបើកចំហជើងមេឃក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ហើយដែលកំពុងធ្វើឱ្យមានការរីកចម្រើនសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ជាការថ្លែង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
លោក បានបន្តថា តាមរយៈការជំរុញការតភ្ជាប់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិ ការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគបរទេស និងការបង្កើនការងារ។
អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងក្លាយជាស្ពាននៃការសាមគ្គី សហប្រតិបត្តិការដ៏សំខាន់សម្រាប់ការតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលំទូលាយ និងក្លាយជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ជាការគូសបញ្ជាក់ លោក ម៉ៅ ហាវណ្ណាល់។
នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក កាន់តែធំ និងទូលាយជាងមុន ជានិម្មិតរូបនៃការរីកចម្រើនរបស់កម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាការថ្លែង សម្តេចធិបតី ពិធីខាងលើ។
សម្តេចធិបតី បានបញ្ជាក់ថា សមិទ្ធផលថ្មីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០លានដុល្លារ និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ហិកតា ដោយចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។
ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបែងចែកជា៣ដំណាក់កាល គឺ៖ ដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់២០៣០ ដែលអាចទទួលអ្នកដំណើរ១៥លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដែលអាចទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ក្រោយឆ្នាំ២០៥០ សម្រាប់ទទួលអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)