
ភ្នំពេញ៖ តើការចុះបញ្ជី ដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនលើកដំបូង ម្ចាស់កម្មសិទ្ធិយានយន្តត្រូវត្រៀមឯកសារអ្វីខ្លះ?
លោក យិន សុធាវី ប្រធានការិយាល័យនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ និងលោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ បានលើកយកប្រធានបទ “ពន្ធលើមធ្យោបាយដឹកជញ្ជូន មកធ្វើបទបង្ហាញនិងពិភាក្សា ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
ជាចំណុចគួរឱ្យកត់សម្គាល់ វាគ្មិនក្នុងកម្មវិធីបានលើកឡើង ពីការចុះបញ្ជី និងដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនលើកដំបូង ដោយក្នុងនោះម្ចាស់កម្មសិទ្ធិឬអ្នកតំណាងត្រូវ បំពេញព័ត៌មានទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់ និងត្រូវមានឯកសារតាមប្រភេទយានយន្ត ដូចខាងក្រោម៖
រថយន្តទេសចរណ៍
- ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ និង
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។
រថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរ ឬជលយានយន្ត
- ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ
- ច្បាប់ដើមនៃវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន និង
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។
យានយន្តកែច្នៃក្នុងស្រុក
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ
- ច្បាប់ដើមនៃលិខិតបញ្ជាក់ការប្រើប្រាស់យានជំនិះចេញដោយឃុំ សង្កាត់ និង
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។
ដោយឡែក ម្ចាស់កម្មសិទ្ធិឫអ្នកតំណាង ដែលបានចុះបញ្ជីនិងប្រកាសនិងបង់ប្រាក់ពន្ធរួចម្តងហើយ អាចបង់ប្រាក់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានសាខានៅទូទាំងប្រទេស ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ដោយគ្រាន់តែមានឯកសារណាមួយក្នុងចំណោមឯកសារដូចខាងក្រោម៖
- បណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬ
- បណ្ណសម្គាល់យានជំនិះ ឬ
- បង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬ
- លតាបត្របង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំចាស់។
កាន់តែងាយស្រួលជាងនេះទៀត អាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូនបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ពីធ្វើការបង់ប្រាក់ពន្ធរួចភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលតាបត្រ ដល់ទីតាំងផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)