Register Already an agent ? Login

ផ្លូវជាតិលេខ៤១ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត

កំពត៖ ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ តភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ នៅតាមបណ្ដាខេត្ត មានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិ៣៣។

ផ្លូវនេះ ថែមទាំងឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជាកំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែបកោះទន្សាយ។

ផ្លូវជាតិលេខ៤១ (ថ្នល់ទទឹង-ខេត្តកំពត) តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត ដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ផ្លូវជាតិនេះ បានចូលរួមលើកកម្ពស់ ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសបានចូលរួមជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ។

ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុងថ្នល់ទទឹងទៅដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតចំណោតយាយម៉ៅ មានប្រវែង ៩៥,២៧គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលចំណាយថវិកាជាង ៦៧លានដុល្លារ ដើម្បីស្ដារ និងលើកកម្រិតគុណភាពឱ្យកាន់តែប្រសើរ។

គម្រោងផ្លូវនេះ ត្រូ​វបាន​អតីត​​នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ​ ហ៊ុន សែន​​ បើក​ការដ្ឋាន​សាង​សង់​​កាលពីអំឡុងចុងខែធ្នូ ឆ្នាំ ២០២២​កន្លងទៅ ​ថវិកា​សាងសង់​ផ្លូវនេះជាឥណ​ទាន​សម្ប​ទាន​ពី​រដ្ឋាភិ​បាលចិន រួមជាមួយនឹងថវិកា​បដិភា​គ​របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និង​ពន្ធ​អាក​រ​ផ្សេង​ៗ។

គួររម្លឹកផងដែរថា នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា «ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់»។

លោក បានថ្លែងបន្តថា ផ្លូវនេះតភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

គួរបញ្ជាក់ថា ផ្លូវនេះ គឺជាផ្លូវ​ដែល​តភ្ជាប់ពី​តំបន់​ផ្សេងៗ ទៅកាន់​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយវា​បាន​ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ​៣ ទៅកាន់​ទីរួម​ខេត្ត​កំពត ទៅ​កាន់​ឆ្នេរ​សមុទ្រ​ក្រុង​កែប និង​មួយ​ផ្នែក​ទៀត​​ទៅកាន់​ឆ្នេរ​សមុទ្រ​ក្រុងព្រះសីហនុ។ មិនតែប៉ុណ្ណោះ វា​ក៏នឹ​ងក្លាយជា​ផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់មួយ​សម្រាប់​ដឹកជញ្ជូនទំនិញពីកំពង់ផែ​ទឹកជ្រៅ​ខេត្តកំពត​ទៅកាន់​រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ដែលជា​តំបន់​មានសក្ដានុពលខ្ពស់ក្នុង​វិស័យឧស្សាហកម្ម ការ​ផលិត​ និងការនាំចេញ​។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ​កម្ពុជា​ជាច្រើន​បានមើលឃើញថា ផ្លូ​វនេះបាន​ជួយ​ជំរុញ​សក្ដា​នុពលវិស័យដីធ្លី​ និងតម្រូវការ​ដីធ្លីនៅតាមបណ្ដោយផ្លូវ​នេះ​បានមួយកម្រិតទៀត​ផង​ដែ​រ ជាពិសេស​រោងចក្រ​ ឃ្លាំងស្តុកទំនិញ ខណៈ​បច្ចុប្បន្ន​​សកម្មភាព​នៃ​កា​រប្រើប្រាស់ដីធ្លី​នៅតា​ម​បណ្ដោ​យ​​ផ្លូវជាតិលេខ​៤១​នេះ ក៏ចាប់ផ្ដើមកម្រើកជា​បន្តបន្ទាប់​ ដោយមាន​រោងចក្រ​សហគ្រាស ឃ្លាំង​ស្តុក​ទំនិ​​ញ ការអភិវឌ្ឍ​លំនៅឋា​ន។

ខ្សែផ្លូវនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ ក៏នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ ខ្សែផ្លូវនេះ ក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)