
អន្តរជាតិ៖ លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រាប់ថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី ដែលជាវិធានការដ៏មានសក្តានុពលមួយ ដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុងមូស្គូជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា "ខ្ញុំមិនសប្បាយចិត្តទេដែលឥណ្ឌាទិញប្រេង។ ហើយគាត់បានធានាខ្ញុំនៅថ្ងៃនេះថា ពួកគេនឹងមិនទិញប្រេងពីរុស្ស៊ីទេ" "នោះជាជំហានដ៏ធំមួយ។ ឥឡូវនេះ យើងត្រូវធ្វើឱ្យប្រទេសចិនធ្វើដូចគ្នា"។
លោក Trump បានបញ្ជាក់ថា ការផ្លាស់ប្តូរនឹងកើតឡើង "ក្នុងរយៈពេលដ៏ខ្លី"។
លោក Trump កាលពីខែសីហាបានប្រកាសថា លោកនឹងដំឡើងពន្ធលើប្រទេសឥណ្ឌាចំនួន 25ភាគរយ លើការទិញប្រេងពីរុស្ស៊ី ដោយធ្វើឱ្យពន្ធសរុបដែលលោកបានដាក់លើទីក្រុង New Delhi ដល់ 50ភាគរយ។
លោកប្រធានាធិបតី បានលើកហេតុផលថា ការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌាកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក លោកបានអំពាវនាវដល់ប្រជាជាតិអឺរ៉ុបឱ្យធ្វើបន្ថែមទៀតដើម្បីកំណត់ការទិញប្រេងពីរុស្ស៊ីរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក ក៏បាននិយាយផងដែរថា ការបញ្ឈប់នឹងមិនមានភ្លាមៗទេ ហើយនឹងមាន ”ដំណើរការបន្តិចបន្តួច” ដោយមិនផ្តល់ពេលវេលាច្បាស់លាស់។
លោក Trump បាននិយាយថា ”ប្រសិនបើឥណ្ឌាមិនទិញប្រេង [រុស្ស៊ី] វាធ្វើឱ្យ [ការបញ្ចប់សង្គ្រាម] កាន់តែងាយស្រួល”។ ”ពួកគេបានធានាខ្ញុំក្នុងរយៈពេលដ៏ខ្លីពួកគេនឹងមិនទិញប្រេងពីរុស្ស៊ីទេ ហើយពួកគេនឹងត្រលប់ទៅរុស្ស៊ីវិញបន្ទាប់ពីសង្គ្រាមបានបញ្ចប់”។
សកម្មភាព ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដោយលោក Modi បានជួបកាលពីខែកញ្ញា ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិន Xi Jinping នៅក្នុងការជួបជុំមួយដែលត្រូវបានគេមើលឃើញថាជាការស្តីបន្ទោសចំពោះសហរដ្ឋអាមេរិក។
នៅថ្ងៃព្រហស្បតិ៍ អនាគតប្រេងឆៅ Brent បានកើនឡើង 0.82% ដល់ $62.43ក្នុងមួយបារ៉ែល ត្រឹមម៉ោង 10:31 pm ET ខណៈពេលដែល US West Texas Intermediate futures បានកើនឡើង 0.89% ដល់ $58.79។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានពឹងផ្អែកលើប្រទេសរុស្ស៊ីជាយូរមកហើយសម្រាប់ប្រេងឆៅដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ខ្លួន និងការកើនឡើងចំនួនប្រជាជនដែលឥឡូវនេះមានចំនួនជាង 1.4ពាន់លាននាក់។
ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក គឺជាអ្នកប្រើប្រាស់ប្រេងច្រើនជាងគេលំដាប់ទី៣ នៅទូទាំងពិភពលោក ហើយជាមួយនឹងអត្រាការប្រើប្រាស់របស់ឥណ្ឌានៅតែ កើនឡើងយ៉ាងឆាប់រហ័ស វាត្រូវបានគេរំពឹងថានឹងលើសពីប្រទេសចិននៅឆ្នាំ២០៣០៕
ប្រភព៖ The Hill/CNN/CBNC
ប្រែសម្រួលដោយ៖ MD-Angkor