
កោះកុង៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុ ១ខ្សែ មានប្រវែងសរុប ២៦,១០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥% គ្រោងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន សរុបចំនួន ៨៩៥គ្រួសារ ស្មើនឹង ៣ ៤២៧នាក់។ ជារួមខ្សែផ្លូវមួយខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិ ដែលជាទីប្រជុំជនសំខាន់របស់ខេត្តកោះកុង។

ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការសាងសង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ផងដែរថា ផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងសរុបប្រវែង ២៧០គីឡូម៉ែត្រ និងមានសំណង់សិល្បការ្យ នៅក្នុងខេត្តគោលដៅចំនួន ៥ខេត្ត រួមមាន ខេត្តប៉ៃលិន កោះកុង កំពង់ឆ្នាំង ព្រៃវែង និងត្បូងឃ្មុំ៕







ដោយ៖ មឿន ឌីណា (Moeun Dyna)