Register Already an agent ? Login

កម្ពុជា ប្រកាសការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស

កោះកុង៖ កម្ពុជា សម្រេចបាននូវសមិទ្ធថ្មីជាប្រវត្តិសាស្ដ្រ នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា បង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងពិធីនេះ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកឡើងក្នុងរបាយការណ៍ អំពីស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ធ្វើឱ្យទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យ។

លោកស្រី បានបន្តថា ជាក់ស្ដែង ក្នុងខេត្តកោះកុង មានប្រជាពលរដ្ឋសរុបចំនួន ១៥៦ ១០៧នាក់ ស្មើនឹង ៣៦ ៦០៨គ្រួសារ ក្នុងនោះ គ្រួសារមានទឹកស្អាតប្រើប្រាស់ចំនួន ៩៦,៨៥% និងគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ស្មើនឹង ១០០%។

លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកោះកុងសម្រេចបាននាពេលនេះ លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បានជំរុញឱ្យខេត្តចំនួន១៩ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ហើយជាក់ស្ដែងពិធីប្រកាសខេត្តកោះកុងជាខេត្តទី២៥ សម្រេចបាន ODF នាពេលនេះ។ ជាការបន្ត លោក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា សមិទ្ធផលនេះ បង្ហាញថាប្រជាជនកម្ពុជាគ្រប់រូប មានការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលទានទឹកស្អាតដើម្បីធ្វើឱ្យមានសុខភាពល្អ ប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ  ថែរក្សាបរិស្ថានរស់នៅល្អ ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាហេតុធ្វើឱ្យអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកម្ពុជាកាន់តែវែង ដែលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។

ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលជាលទ្ធផលអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៩១.៩៨% ហើយប្តេជ្ញាចិត្តថាត្រូវតែសម្រេច ឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣០។ ជាការបន្ថែម លោក ឆាយ ឫទ្ធិសែន។

លោក បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺកើតចេញពីរគុណបំណាច់នៃ “សុខសន្តិភាព” ដែលបានមកពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុន និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមដូចពាក្យថា“មានសន្តិភាព ទើបមានការអភិវឌ្ឍ”៕

ដោយ៖ មឿន ឌីណា (Moeun Dyna)