
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៧ មានទុនវិនិយោគសរុបប្រមាណ ១,៣ប៊ីលានដុល្លារ អាចបង្កើតការងារបានប្រមាណ ៨,៣ពាន់កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងកែប។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១,៣ប៊ីលានដុល្លារ អាចបង្កើតការងារបានប្រមាណ ៨,៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង។
បើតាមគម្រោងទាំងនេះ ផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហធាតុ និងប្លាស្ទិក), ស្ល និងកែច្នៃលោហធាតុ, ផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ, ផលិតសម្ភារៈលម្អក្នុងផ្ទះគ្រប់ប្រភេទ, កាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាទ្បៃ។
វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង គឺគម្រោងបង្កើតមន្ទីរពេទ្យ និងមន្ទីរពហុព្យាបាលជំងឺចំនួន ២២១គ្រែ និងគម្រោងសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ។
គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងកែប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)