ភ្នំពេញ៖ សហគ្រាសអាចស្នើសុំឥណទានពន្ធកាត់ទុកដែលបានបង់លើស ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន។ ក្នុងករណីសហគ្រាស បានទូទាត់ទៅអ្នកជាប់ពន្ធអនិវាសនជនហើយបានបង់ពន្ធកាត់ទុករួចរាល់ តាមអត្រា ១៤% បន្ទាប់មកសហគ្រាសទទួលបានលិខិតអនុញ្ញាត ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ដែលត្រូវជាប់ពន្ធតាមអត្រា ១០% វិញ។
នៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ក្រោមប្រធានបទ “ពន្ធកាត់ទុកទូទៅ” ដែមានវាគ្មិន លោក សុខ កុសល អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោកស្រី ចួន ម៉ាឌីណា អនុប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានបញ្ជាក់ថា សហគ្រាសអាចស្នើសុំឥណទានពន្ធកាត់ទុកដែលបានបង់លើស ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន។
បើតាមវាគ្មិន បានលើកឡើងថា ជាឧទាហរណ៍ ក្នុងករណីសហគ្រាស បានទូទាត់ទៅអ្នកជាប់ពន្ធអនិវាសនជនហើយបានបង់ពន្ធកាត់ទុករួចរាល់ តាមអត្រា ១៤% បន្ទាប់មកសហគ្រាសទទួលបានលិខិតអនុញ្ញាត ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ដែលត្រូវជាប់ពន្ធតាមអត្រា ១០% វិញ។
កម្មវិធីនេះ បានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោកស្រី ស៊ឹម ចាន់ឌី អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ ជាអ្នកសម្របសម្រួលកម្មវិធី។
បើតាមមន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារទាំងពីរ បានបញ្ជាក់ទៀតថា ការស្នើសុំឥណទានពន្ធកាត់ទុកដែលបានបង់លើស ជាប្រភេទនៃការកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ ដូចការស្នើសុំកែតម្រូវប្រភេទពន្ធ ដទៃទៀតដែរ។ ជាទូទៅ ក្នុងការកែតម្រូវអ្នកជាប់ពន្ធអាច ១. បន្ថែមប្រតិបត្តិការថ្មី ២. លុបប្រតិបត្តិការចាស់ និង ៣. កែប្រែប្រតិបត្តិការ ដែលបានកត់ត្រារួច។
បើតាម វាគ្មិន បានឱ្យដឹងទៀតថា ជាក់ស្តែង នីតិវិធីនៃការស្នើសុំឥណទានពន្ធកាត់ទុកពី ១៤% មក ១០% ក្រោយពីទទួលបានលិខិតអនុញ្ញាត DTA ពីអគ្គនាយកដ្ឋានពន្ធដារ មានដូចខាងក្រោម៖
១. សហគ្រាសត្រូវចូលក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing)។
២. សហគ្រាសជ្រើសរើស Function កែតម្រូវលិខិតប្រកាសពន្ធប្រចាំខែ (ដោយចុចលើល សញ្ញា ៣ ចុច "....)។
៣. បន្ទាប់មក សហគ្រាសជ្រើសរើសកាលបរិច្ឆេទដែលត្រូវកែតម្រូវ និងចាប់ផ្តើមកែតម្រូវ ដោយអ្នកជាប់ពន្ធទាញប្រតិបត្តិការដែលបានប្រកាស (ខុស) ដើម្បីយកមកលុបប្រតិបត្តិការ (ដែលមានពន្ធកាត់ទុក ១៤%) និងបន្ថែមប្រតិបត្តិការថ្មី (ពន្ធកាត់ទុក ១០%) ព្រមទាំងបរិយាយអំពីមូលហេតុនៃការកែតម្រូវ។ បន្ទាប់មកត្រូវពិនិត្យផ្ទៀងផ្ទាត់ការកែតម្រូវមុននឹងបន្ត។
៤. សហគ្រាសត្រូវបញ្ជូនសំណើសុំកែតម្រូវតាមប្រព័ន្ធ e-Filing។
៥. សហគ្រាសអាចបោះពុម្ពពាក្យស្នើសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែតាមប្រព័ន្ធអនឡាញ និងបង់ប្រាក់ពន្ធ (ករណីមានប្រាក់ពន្ធ) ឱ្យរួចរាល់ ដើម្បីកុំឱ្យមានការកើនឡើងការប្រាក់។
៦. សហគ្រាសត្រូវរងចាំលិខិតអនុញ្ញាតឱ្យកែតម្រូវ។ ក្រោយពីទទួលបានលិខិតអនុញ្ញាតឥណទានពន្ធកាត់ទុក អ្នកជាប់ពន្ធអាចយកលិខិត អនុញ្ញាតនោះ ទៅបញ្ចូលបារកូដក្នុងខែបន្ទាប់ ក្រោយពីទទួលបានលិខិត។ ហើយប្រាក់ឥណទានពន្ធកាត់ទុកដែលបានបង់លើសនោះនឹងត្រូវបានកាត់កងពីទឹកប្រាក់ពន្ធដែលត្រូវបង់នៅខែបន្ទាប់នោះ។
៧. ក្នុងករណីឥណទានពន្ធកាត់ទុកនៅសល់បន្ទាប់ពីកាត់កងខែទី១ អ្នកជាប់ពន្ធនៅតែអាចកាត់កងនៅខែបន្តបន្ទាប់រហូតដល់អស់ទឹកប្រាក់ ឥណទានពន្ធកាត់ទុកដែលអនុញ្ញាត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)