
ភ្នំពេញ៖ អាកាសយានដ្ឋានដែលបានចុះបញ្ជីមានចំនួន៩ នៅកម្ពុជា ក្នុងនោះ មាន៣ កំពុងដំណើរការពេញលេញ ខណៈ អាកាសយានដ្ឋានស៊ីវិលក្នុងស្រុកមានចំនួន៥ ប៉ុន្តែមិនដំណើរការមានចំនួន៤។ បើតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ ស្តីពី ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
បច្ចុប្បន្ន អាកាសយានដ្ឋានដែលបានចុះបញ្ជីមានចំនួន៩ នៅកម្ពុជា ក្នុងនោះ មាន៣កំពុងដំណើរការពេញលេញ មានដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងកំពុងដំណើរការដោយក្រុមហ៊ុន សម្បទានអាកាសយានដ្ឋាន (SCA) ជាមួយនឹងសិទ្ធិផ្តាច់មុខរហូតដល់ឆ្នាំ២០៤០។ បើតាមរបាយការណ៍ខាងលើ។
របាយការណ៍ខាងលើបានបន្តថា ដោយឡែក អាកាសយានដ្ឋានស៊ីវិលក្នុងស្រុកមានចំនួន៥ ប៉ុន្តែមិនដំណើរការមានចំនួន៤ ដូចជា៖ អាកាសយានដ្ឋាន បាត់ដំបង ស្ទឹងត្រែង កោះកុង និងមណ្ឌលគិរី ខណៈ អាកាសយានដ្ឋានកំពង់ឆ្នាំងបាននិងកំពុងប្រើប្រាស់ និងគ្រប់គ្រងរួមគ្នាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងការពារជាតិ។
សមិទ្ធផល ថ្មីដ៏ធំមួយក្នុងវិស័យអាកាសចរណ៍ដែលកំពុងលេចចេញជារូបរាងនោះ គឺគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបញ្ចប់និងដាក់ឱ្យប្រតិបត្តិការអាកាសយានយន្តអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងគ្រោងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងនិងក្រៅប្រទេសគឺជាមធ្យោបាយ ដឹកជញ្ជូនមួយយ៉ាងរហ័ស បើធៀបជាមួយនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត (តាមផ្លូវថ្នល់ ផ្លូវទឹក និងផ្លូវដែក)។
បរិមាណទំនិញ ដែលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងឆ្នាំ២០២៤ មានចំនួន ៧៧ ៨៥២តោន កើនឡើងប្រមាណជា ៣៩,៧% បើធៀបទៅនឹងឆ្នាំ២០២៣ មានចំនួន ៥៥ ៦៩៩តោន។ បើតាមរបាយការណ៍ដដែល។
បើតាមរបាយការណ៍ដដែល បានបន្តថា ខណៈ ចំនួនអ្នកដំណើរតាមផ្លូវអាកាសក៏បន្តកើនឡើងជាលំដាប់ផងដែរ ដោយក្នុងឆ្នាំ២០២៤ មានចំនួន ៦ ២៤១ ៨៤២នាក់ កើនឡើងប្រមាណជា ២២,១% បើធៀបទៅនឹងឆ្នាំ២០២៣ មានអ្នកធ្វើដំណើរ តាមផ្លូវអាកាសសរុបចំនួន ៥ ១១១ ៨១០នាក់។
ជាមួយគ្នានេះ ស្ថានភាពជើងហោះហើរតាមផ្លូវអាកាស ក៏មានលក្ខណៈមមាញឹកផងដែរ ដោយមានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង និងជើងហោះហើរ រំលងចំនួន ៧១ ៦១៣ជើង ក្នុងឆ្នាំ២០២៤។ ជាការបន្ថែមនៅក្នុងរបាយការណ៍នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)