
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានជាប្រាក់យ៉េន សរុបស្មើនឹងប្រមាណជិត ៣០០លានដុល្លារ ដល់ប្រទេសកម្ពុជា ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់អភិវឌ្ឍគម្រោងធំៗចំនួន២។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
ឥណទានសម្បទាននេះ ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០យ៉េន (ប្រមាណ ១៤៣.៥លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ។
និងទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០យ៉េន (ប្រមាណ ១៥២.៧លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)។
បើតាមក្រសួងបានបញ្ជាក់ថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការ ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)