Register Already an agent ? Login

ជើងហោះត្រង់ពីប្រទេសអារ៉ាប់រួម ជាការហោះហើរផ្លូវឆ្ងាយបានមកដល់ភ្នំពេញជាលើកដំបូង

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ ដោយមិនចុះចតនៅប្រទេសកណ្តាល ជាដំបូងបំផុតមកកម្ពុជា។ បើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

 ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ជាការបន្ត លោក ស៊ីន ចាន់សិរីវុត្ថា។

ការហោះហើរពីមជ្ឈិមបូព៌ាមកកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ច្រើនកំពុងដំណើរការ ប៉ុន្តែមានតែក្រុមហ៊ុនអាកាសចរណ៍ Etihad មួយគត់ ដែលបង្កើតជាប្រវត្តិសាស្ត្របែបនេះ។ ជាការបន្ត លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍ Etihad នេះបានហោះពីក្រុងអាប៊ូដាប៊ីមកភ្នំពេញតែម្តង អត់ចុះចតនៅប្រទេសកណ្តាលទេ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៉ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅម៉ោង៧ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ការមកដល់នៃអ្នកដំណើរ និងជើងហោះហើររបស់ក្រុមហ៊ុន Etihad Airways។

ជើងហោះហើរថ្មីនេះ ពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការលើកកម្ពស់ការតភ្ជាប់ជាសកល និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារនៅទូទាំងតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។

ដើម្បីជាការអបអរនៃការឈានជើងចូលក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Etihad បាននាំមកនូវជើងហោះ​​ហើរចំនួន ៤ជើងក្នុងមួយសប្តាហ៍ដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងបណ្តាញជាសកលរបស់ទីក្រុងអាប៊ូដាប៊ី ហើយនឹងបង្កើនជើងហោះហើរទៅដល់ ៦ជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។​

គួរបញ្ជាក់ថា ជើងហោះហើរថ្មីនេះនឹងដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad ដែលនឹងនាំមកនូវកាប៊ីនយន្តហោះដ៏ប្រណិតដែលជាអត្តសញ្ញាណរបស់ Etihad និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ។ យន្តហោះ បំពាក់នូវការរៀបចំកាប៊ីនបីផ្នែក រួមមានកៅអី First Suites ដំបូងបង្អស់របស់ Etihad ដែលមានលក្ខណៈឯកជន កន្លែងបិទជិតជាមួយនឹងទ្វាររូត គ្រែរាបស្មើពេញ និងការរចនាដ៏អស្ចារ្យដែលជាធម្មតាមានតែសម្រាប់យន្តហោះដែលប្រតិបត្តិការផ្លូវឆ្ងាយ។

ឆាប់ៗនេះ ក្រុមហ៊ុននឹងសម្ពោធជើងហោះហើរទៅកាន់ទីក្រុងក្រាប៊ី ហាណូយ ឈៀងម៉ៃ និងហុងកុង ដែលនឹងពង្រឹងបន្ថែមនូវវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)