
ភ្នំពេញ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែបន្តមានកំណើនល្អជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើន និងរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តំបន់នេះចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រកបដោយមហិច្ឆតា ទន្ទឹមគ្នានឹងការប្រឹងជម្នះភាពមិនច្បាស់លាស់ច្រើនយ៉ាងនៅលើសកលលោក។ បើតាម World Bank Data។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៥ របស់ធនាគារពិភពលោក ព្យាករណ៍ថា កំណើនក្នុងតំបន់នឹងមាន ៤,៨%នៅឆ្នាំនេះ ដែលធ្លាក់ចុះបន្តិចពី ៥,០%ក្នុងឆ្នាំ២០២៤។ វៀតណាមនាំមុខគេដោយមានកំណើន ៦,៦% បន្ទាប់មកប្រទេសម៉ុងហ្គោលី ៥,៩% និងហ្វីលីពីន ៥,៣%។ ចិន កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ៤,៨% ខណៈបណ្តាប្រទេសកោះប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា នឹងមានកំណើន ២,៧% និងថៃ ២,០%។
គំរូជោគជ័យនៃការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់អាស៊ីបូព៌ា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។ កំណើនការងារនាពេលថ្មីៗនេះ ភាគច្រើនមាននៅក្នុងវិស័យការងារដែលមានផលិតភាពទាប ដែលជារឿយៗជាការងារសេវាកម្មក្រៅប្រព័ន្ធដែលផ្តល់ឱកាសរីកចម្រើនតិចតួច។ លើសពីនេះ យុវជនកំពុងមានការលំបាកក្នុងការស្វែងរកការងារ ហើយស្ត្រីនៅតែចូលរួមបានតិចតួចនៅក្នុងកម្លាំងពលកម្ម។ តាមការរំពឹងទុកមនុស្ស ២៥លាននាក់ នឹងបានរួចផុតពីភាពក្រីក្រចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ប៉ុន្តែ ភាគចំណែកនៃប្រជាជនដែលងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ពេលនេះមានទំហំធំជាងប្រជាជនវណ្ណៈកណ្តាល នៅតាមប្រទេសភាគច្រើនក្នុងតំបន់។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «តំបន់នេះកំពុងមានស្ថានភាពបញ្រ្ចាសគ្នាមួយពាក់ព័ន្ធនឹងការងារ សេដ្ឋកិច្ចមានកំណើនរឹងមាំគួរសម ប៉ុន្តែបែរជាបង្កើតការងារដែលមានគុណភាពមិនបានគ្រប់គ្រាន់ទៅវិញ»។ លោកបានបន្តថា កំណែទម្រង់មោះមុតជាងមុនដើម្បីលុបបំបាត់ឧបសគ្គដល់ការចូលរួម និងការប្រកួតប្រជែងរបស់ក្រុមហ៊ុន នឹងជំរុញឱ្យមានរំហូរដើមទុនឯកជនកាន់តែច្រើន និងបង្កអំណោយផលដល់ក្រុមហ៊ុនដែលមានសក្តានុពលបង្កើនផលិតភាព ឱ្យកាន់តែមានភាពរីកចម្រើន និងបង្កើតឱកាសការងារថ្មីៗ ថែមទៀត។
សូចនាករនៃសកម្មភាពសេដ្ឋកិច្ច បង្ហាញឱ្យឃើញថា កំណើនសេដ្ឋកិច្ចកំពុងមានសន្ទុះធ្លាក់ចុះល្បឿន។ ការលក់រាយកំពុងកើនឡើង ខណៈ ទំនុកចិត្តអ្នកប្រើប្រាស់មិនបានងើបឡើងវិញដល់កម្រិតមុនជំងឺកូវីដ-១៩ នៅឡើយទេ។ ផលិតកម្មឧស្សាហកម្មមានភាពរឹងមាំ ប៉ុន្តែ ទំនុកចិត្តអាជីវកម្មនៅតែមានកម្រិតទាប។ ការនាំចេញបានកើនឡើងមុនការដំឡើងពន្ធនាពេលថ្មីៗនេះ ប៉ុន្តែការបញ្ជាទិញសម្រាប់នាំចេញថ្មីៗ មានកម្រិតទាប។
កំណើននៅឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថានឹងថយចុះមកនៅត្រឹម ៤,៣%។ លទ្ធផលកំណើននឹងរងឥទ្ធិពលនៃការរឹតបន្តឹងពាណិជ្ជកម្មកាន់តែខ្ពស់, ភាពមិនប្រាកដប្រជាសកល ដែលធូរស្រាលបន្តិច ប៉ុន្តែនៅតែមានកម្រិតខ្ពស់នៅឡើយ និងកំណើនសកលយឺត អមដោយជម្រើសគោលនយោបាយក្នុងស្រុក ជាពិសេសការពឹងផ្អែករបស់ប្រទេសមួយចំនួនលើការលើកទឹកចិត្តផ្នែកសារពើពន្ធ ជាជាងធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ។
បើតាមរបាយការណ៍នេះ អំពាវនាវឱ្យមានកំណែទម្រង់ និងការវិនិយោគលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងសេវាកម្ម និងគោលនយោបាយដើម្បីធានាឱ្យមានឱកាសការងារត្រូវតាមជំនាញរបស់ប្រជាជន។ វឌ្ឍនភាពលឿននៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, រ៉ូបូត និងវេទិកាឌីជីថល ទាមទារឱ្យក្រុមហ៊ុន កម្មករ និងអ្នកបង្កើតគោលនយោបាយ គិតគូរអំពីជំនាញថ្មីៗ និងភាពរហ័សរហួន និងការសម្របខ្លួនកាន់តែខ្លាំងជាងមុន ទៅតាមសភាពការបច្ចុប្បន្ន។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ «កំណើនដែលផ្តោតលើការនាំចេញ និងពឹងផ្អែកលើអតិពលកម្មនៅអាស៊ីបូព៌ា បានជួយមនុស្សមួយពាន់លាននាក់ឱ្យរួចផុតពីភាពក្រីក្រក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ប៉ុន្តែតំបន់នេះឥឡូវនេះប្រឈមមុខនឹងបញ្ហាភ្លោះក្នុងពេលតែមួយ គឺការការពារពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្មការងារ»។ លោកបន្តថា៖ «កំណែទម្រង់បរិយាកាសធុរកិច្ច និងការកែលម្អការអប់រំ អាចធ្វើឱ្យកាន់តែប្រសើរឡើងនូវឱកាស និងសមត្ថភាព នាំទៅរកកំណើនកាន់តែខ្ពស់ និងការងារកាន់តែប្រសើរជាងមុន»៕
ដោយ៖ មឿន ឌីណា (Moeun Dyna)