Register Already an agent ? Login

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់កម្ចីទឹកប្រាក់ ៨២,៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តដំណាក់កាលទីពីរ នៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ADB។

កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោលបំណងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។

មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ តាម រយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម មូលនិធិបង្វិលនេះត្រូវបានរំពឹងថានឹងពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពលនៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់ អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត។

គួរបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍នេះ ដោយមានសហហិរញ្ញប្បទានពី មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាត របស់ប្រទេស ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)