Register Already an agent ? Login

ប្រទេសន័រវេស្សផ្តល់ថវិកាចំនួន ១,២លានដុល្លារអា សម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល ៣ឆ្នាំនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសន័រវេស្ស បានផ្តល់ថវិកាចំនួន ១,២លានដុល្លារ សម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល ៣ឆ្នាំ (២០២៥-២០២៧)។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសន័រវេស្ស និងចាត់ទុកប្រទេសន័រវេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

នៅក្នុងជំនួបជាមួយ លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំកម្ពុជា មាននិវេសដ្ឋាននៅក្រុងបាងកក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ បានបន្តថា រួមមានទាំងការបោសសម្អាតមីន ការគ្រប់គ្រងទិន្នន័យ ការកសាងសមត្ថភាព និងការសិក្សាស្រាវជ្រាវ ជាដើម និងជួយគាំទ្រកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

នាឱកាសនោះ ប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស ដែលបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា និងផ្តល់ថវិកាចំនួន ១,២លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៧។

ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ប្រទេសន័រវេស្ស នឹងបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួន គឺគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកស្រី Astrid Emilie Helle បានសម្តែងនូវការសោកស្តាយចំពោះផលលំបាកដែលកើតមានឡើងក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ កន្លងទៅនេះ បណ្តាលឱ្យមានមនុស្សស្លាប់ របួស និងមានជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវចាកចេញពីលំនៅដ្ឋាន ព្រមទាំងជូនពរឱ្យតំបន់ព្រំដែនកម្ពុជា-ថៃ ទទួលបានសន្តិភាព។

លោកស្រី Astrid បន្ទាប់ពីបញ្ចប់ជំនួបជាមួយប្រធានអាជ្ញាធរមីន ក៏បានជួបពិភាក្សាជាមួយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃខែឆ្នាំដដែល អមដំណើរដោយលោក Hans Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជាផងដែរ។

បើតាមជំនួបនេះ លោក ហេង រតនា បានលើកឡើងអំពីលទ្ធផលការងារនៃវិស័យមីននៅកម្ពុជានិងសមិទ្ធិផលសម្រេចបានរបស់អង្គភាព CMAC​ ជាពិសេស​កិច្ចសហការ​ជាមួយអង្គការ Norwegian People’s Aid (NPA) ដែលជាដៃគូ​យ៉ាងជិតស្និតរបស់អង្គភាព CMAC ជាង៣៣ឆ្នាំមកហើយ​ ពោលចាប់តាំងពីឆ្នាំ១៩៩២មក។

លោក បានបន្តថា ជំនួយដ៏មានតម្លៃរបស់ប្រជាជននិងរដ្ឋាភិបាលន័រវេស្ស បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា​ និងចូលរួមពង្រឹងសន្តិភាព​ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឡើងវិញក្រោយសង្គ្រាម។

លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ក្នុងវិស័យមីន​ ដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងនិងជាគំរូល្អស្របតាមស្មារតីនៃអនុសញ្ញាគ្រាប់មីនប្រឆាំងមនុស្សអូតាវ៉ា​។​

លោកស្រីបានបន្តថា ប្រទេសន័រវេស្សមានក្តីសោមនស្សក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើស័យសកម្មភាពមីន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ ព្រមទាំងបានបញ្ជាក់ជំហថា រដ្ឋាភិបាលន័រវេស្សនឹងបន្តគាំទ្រកម្ពុជា តាមរយៈអង្គការ NPA ក្នុងការបោសសម្អាតមីន ការអប់រំអំពីគ្រោះថ្នាក់មីន និងអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីនរួច។​

នាឱកាសនោះ លោកស្រី ក៏បញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលន័រវេស្សពិតជាចង់ឃើញការអនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់​ និងការស្តារសន្តិភាពឡើងវិញ​ ដែលនេះជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំង២​ ក៏ដូចជាប្រទេសក្នុងតំបន់និងក្នុងសកលលោកផងដែរ។

ថ្មីៗ​នេះ​ គម្រោងបោសសម្អាតមីន​ ដែលអាជ្ញាធរមីន​ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​ ប្រគល់ជូន​កងទ័ព​ជើង​គោក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​អង្គភាព​ស៊ីម៉ាក់ កាល​ពី​ថ្ងៃទី​២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្នុង​ទំហំ​ផ្ទៃដីមានមីនជាង ៤១គីឡូម៉ែត្រការ៉េ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ គឺ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ និងស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​ មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ។

គម្រោង​បោសសម្អាត​មីននេះ​ រាជរដ្ឋាភិបាល​ មាន​ផែនការ​បោសសម្អាត​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយយ​មិន​ពាក់ព័ន្ធសោះ​​ឡើយ​នឹង​សំណូម​ពរ​របស់​ភាគី​ថៃ​ ​និងតំបន់​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា​-ថៃ​ ទេ។ ជាការបញ្ជាក់ អាជ្ញាធរ​មីន។

បើតាម អាជ្ញាធរ​មីន ទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេដែលបច្ចុប្បន្ន កម្ពុជានៅសល់ផ្ទៃដីចំនួន ១៧២៣គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះ ផ្ទៃដីមានមីនចំនួន ៥៣១គីឡូម៉ែត្រការ៉េ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)