Register Already an agent ? Login

ពលករខ្មែរមកពីថៃ ប្រមាណ ៩៤ម៉ឺននាក់ បានទទួលការងារធ្វើជាង ៣០ម៉ឺននាក់ គិតត្រឹមដើមខែតុលា

ភ្នំពេញ៖ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ ពលករខ្មែរមកពីប្រទេសថៃ ប្រមាណ ៩៤ម៉ឺននាក់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយសម្របសម្រួលស្វែងរកការងារឱ្យធ្វើជាង ៣០ម៉ឺននាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញជាង ៣០០ ០០០នាក់ បានទទួលការងារធ្វើ ក្នុងចំណោមបងប្អូលពលករខ្មែរប្រមាណ ៩៤០ ០០០នាក់ ដោយបានបូកសរុបចាប់តាំងពីខែមិថុនា ដល់ដើមខែតុលា ឆ្នាំ២០២៥។

វិស័យដែលមានបងប្អូនពលករច្រើនជាងគេគឺនៅក្នុងវិស័យឧស្សាហកម្ម ដោយវិស័យសំណង់ កសិកម្ម និងប្រកបមុខរបរខ្លួនឯង ព្រមទាំងវិស័យផ្សេងៗទៀតមានមួយចំនួន។ តាមការគូសបញ្ជាក់ លោក ស៊ុន មេសា បាបបន្តថា ចំពោះតួលេខជាង ៣០ម៉ឺននាក់នេះ គឺតាមរយៈរោងចក្រសហគ្រាសដែលមានតួលេខ ដែលបានចុះបញ្ជីជាមួយនឹងក្រសួងការងារ ដូច្នេះនៅមានការងារជាច្រើនទៀត នៅក្រៅវិស័យផងដែរ។

បើតាមអ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ក្នុងចំណោមពលករប្រមាណ ៩៤០ ០០០នាក់ ដែលត្រឡប់ពីថៃ ចូលមកកម្ពុជាវិញ ក្នុងនោះ កម្លាំងពលកម្មរង្វង់ពី ៧០ម៉ឺននាក់ ទៅ ៧៥ម៉ឺននាក់ ក្នុងនោះយើងជួយបានជាង ៣០ម៉ឺននាក់ហើយ ដោយនៅសល់បាននិងកំពុងស្វែងរកការងារតាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ នៅមានការងារជាច្រើន និងច្រើនវិស័យនៅទូទាំងរាជធានីខេត្ត។

លោក អំពាវនាវដល់បងប្អូនប្រជាពលករដែលត្រឡប់មកពីថៃ អាចទាក់ទងទៅអាជ្ញាធរមូលដ្ឋានដូចជាភូមិ/ឃុំ/សង្កាត់ ក៏ដូចជាទាក់ទងមកកាន់ក្រសួងការងារ តាមរយៈលេខ១២៩៧ ដើម្បីទទួលបានឱកាសការងារ ហើយដាក់ចិត្តដាក់កាយបម្រើការងារនៅក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង សុវត្ថិភាពជាង ចំណាយតិចជាង ហើយប្រាក់កម្រៃផ្សេងៗក៏មិនជាខុសគ្នាទៅនឹងការងារនៅប្រទេសថៃនោះទេ។

ជាពិសេស នោះគឺនៅកម្ពុជាយើងមានទាំងប្រាក់កម្រៃសេវាថែទាំសុខភាព ប្រាក់កម្រៃសោធននិវត្តន៍ និងប្រាក់កម្រៃពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)