
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា គិតចាប់តាំងពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥។
គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុម និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា បានការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យតាមដាន ឱ្យក្រុមហ៊ុន និងរោងចក្រ ដែលមានសក្តានុពលប្រភពបំពុល នៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន និងរោងចក្រ ចំនួន ៥៧ទីតាំង បានចុះកិច្ចសន្យា ដើម្បីអនុវត្តច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះ មានក្រុមហ៊ុន និងសហគ្រាសចំនួន៤៦ បានបំពាក់រួចហើយ។
តាមការបញ្ចាក់ ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីការពារបរិស្ថាន និងការពារសុខភាពសាធារណៈ។
ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំណល់រាវ នៅទីតាំងស្នើសុំបញ្ចេញសំណល់រាវ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ សរុប ១.៥៤៩ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៦៥ ឆ្នាំ២០២៤ ចំនួន៦៧១ និងឆមាសទី១ ឆ្នាំ២០២៥ ចំនួន៤១៣) ដោយបានចេញលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ សរុប ១.៥០៦ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៥៦ ឆ្នាំ២០២៤ ចំនួន៦៥៨ និងឆ្នាំ២០២៥ ឆមាសទី១ ចំនួន៣៩២)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)