Register Already an agent ? Login

ក្នុងរយៈពេល៩ខែ គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគ ៥៤៦គម្រោង ទុនវិនិយោគសរុបប្រមាណ ៧,៨ប៊ីលានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក.) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,៨ប៊ីលានដុល្លារ មានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣%។ បើតាម សេចក្តីប្រកាសព័ត៌មាន គ.វ.ក.។

ទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារ។ បើតាមការបន្តនៅក្នុង សេចក្តីប្រកាសព័ត៌មាន គ.វ.ក.។

សេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។

ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៣៧ពាន់កន្លែង។ ជាការបន្ថែម ក្នុងសេចក្តីប្រកាសព័ត៌មាន។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង។

គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែកញ្ញា ឆ្នាំ២០២៥ មានដូចខាងក្រោម៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃដំឡូងមី និងផលិតផលជី ទីតាំង៖ ស្រុកស្ទោង ខេត្តកំពង់ធំ ទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារ ការបង្កើតការងារ ៩០កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត ទីតាំង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទំហំទុនវិនិយោគប្រមាណ ១៩លានដុល្លារ ការបង្កើតការងារ ១.១៤២កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស

គម្រោងវិនិយោគបង្កើតរោងចក្រវាយនភ័ណ្ឌ កាត់ដេរ និងផលិតផលពាក់ព័ន្ធនឹងវាយនភ័ណ្ឌ ទីតាំងតំបន់សេដ្ឋកិច្ច ពិសេស ឈឺលូ ជាន ពុ ចាយ ស្ថិតនៅខេត្តស្វាយរៀង ទំហំទុនវិនិយោគប្រមាណ ៣០លានដុល្លារ ការបង្កើតការងារ១.០៧៨កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)