Register Already an agent ? Login

ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងអាករលើការស្នាក់នៅ

ភ្នំពេញ៖ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ពន្ធនេះត្រូវគិតលើថ្លៃឈ្នួលអចលនទ្រព្យដែលបានមកពីការជួល និងអាករលើការស្នាក់នៅ អាករនេះត្រូវបានកំណត់និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស។

លោក ព្រាប បូណា អនុប្រធាន នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ និងលោក ម៉ា បូរ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូចនិងមធ្យម បានលើកយក ប្រធានបទ “ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងអាករលើការស្នាក់នៅ មកធ្វើបទបង្ហាញនិងពិភាក្សា ដោយមានលោកស្រី មាន សូលី មន្ត្រីនាយកដ្ឋានរដ្ឋបាលនិង កិច្ចការទូទៅ ជាអ្នកសម្របសម្រួលកម្មវិធី។

កម្មវិធី“ពន្ធដារកម្ពុជា” ដែលបានផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក  ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមវាគ្មិនទាំងពីរបានលើកយកប្រភេទពន្ធអាករ ចំនួនពីរមកធ្វើបទបង្ហាញនិងពិភាក្សា ដែលក្នុងនោះមាន៖

១. ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ៖ ពន្ធនេះត្រូវគិតលើថ្លៃឈ្នួលអចលនទ្រព្យដែលបានមកពី ការជួល៖

- អគារនិងសំណង់ផ្សេងៗ ដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធ របស់វា

- យន្តុបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម

- ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ

- លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ

- ដីធ្លីដែលគ្មានសំណង់។

២. អាករលើការស្នាក់នៅ៖ អាករនេះត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស។

សម្រាប់ គោលដៅនៃអាករលើការស្នាក់នៅ ពាក្យថា សណ្ឋាគារ សំដៅដល់ ទីកន្លែងផ្គត់ផ្គង់សេវាស្នាក់នៅដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទានិងសេវាផ្សេងៗទៀតទៅតាមប្រភេទនិងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ មានជាអាទិ៍ សណ្ឋាគារ សណ្ឋាគារអាផាតម៉ឺន សណ្ឋាគារស្វីត សណ្ឋាគាររើសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ឬផ្ទះភ្ញៀវ កន្លែងបោះជំរុំទេសចរណ៍ កន្លែងស្នាក់នៅដទៃទៀត ដែល មានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះថាជាអ្វីក៏ដោយ។

គួរបញ្ជាក់ថា សណ្ឋាគារ មិនរួមបញ្ចូលបន្ទប់ឬផ្ទះឬផ្ទះល្វែងដែលពុំផ្តល់នូវ សម្បទានិងសេវាផ្សេងៗតាមរយៈកិច្ចសន្យាជួលរយៈពេលខ្លីឬរយៈពេលវែងនោះទេ។

ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកជាប់ពន្ធអំពីពន្ធអាករគ្រប់ប្រភេទ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនិងចេញផ្សាយនូវខិត្តប័ណ្ណ អំពីពន្ធអាករគ្រប់ប្រភេទ ដែលក្នុងនោះក៏មានខិត្តប័ណ្ណស្តីពី ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងអាករលើការស្នាក់នៅផងដែរ។

ខិត្តប័ណ្ណនីមួយៗ បានចងក្រងនូវចំណុចសំខាន់ៗតាមប្រភេទពន្ធអាករ ដែលជាអាទិ៍មានកម្មវត្ថុនៃពន្ធអាករ និយមន័យពាក្យគន្លឹះសំខាន់ៗ ការលើកលែង ពន្ធ អត្រាពន្ធ មូលដ្ឋានគិតពន្ធ ការគណនាពន្ធ កាតព្វកិច្ចនិងបែបបទនៃការប្រកាសនិងបង់ប្រាក់ពន្ធ និងឧទាហរណ៍ ព្រមទាំងតំណភ្ជាប់ ទៅកាន់វីដេអូណែនាំ និងកម្មវិធីអេឡិចត្រូនិកមួយចំនួនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)