Register Already an agent ? Login

មធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ត្រូវបានលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន

ភ្នំពេញ៖ ពន្ធលើមធ្យោបាយដឹកជញ្ជូនក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ។

យោងតាមប្រកាសលេខ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពន្ធលើ មធ្យោបាយដឹកជញ្ជូនត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។

ពន្ធលើមធ្យោបាយដឹកជញ្ជូនក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ដូចខាងក្រោម៖

១. រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។

២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់ គោលដៅនៃការការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។

៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា។

៤. ទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមាន កម្លាំងដល់ ១៥០សេះ ឬតិចជាង។

៥. រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។

គួរបញ្ជាក់ផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណាដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។

ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធ សម្រាប់ឆ្នាំបន្ទាប់។

ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាននៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ លោកអ្នក ឬនៅធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត អាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ពី ធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលតាបត្រដល់ទីតាំងរបស់លោកអ្នកផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)