ភ្នំពេញ៖ ផែនការដឹកជញ្ជូនតាមផ្លូវថ្នល់ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងអភិវឌ្ឍផ្លូវថ្នល់ ផ្តោតលើផ្លូវល្បឿនលឿន ផ្លូវជាតិ និងផ្លូវខេត្ត ដោយមានបញ្ជីគម្រោងអភិវឌ្ឍន៍ ផ្លូវថ្នល់មានសរុបចំនួន ៩៤គម្រោង គ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១៣ ៦០២,៤៣លានដុល្លារ។ បើតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ ស្តីពី ការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
របាយការណ៍ខាងលើ ក្នុងនោះ ផ្លូវល្បឿនលឿនចំនួន ៩គម្រោង ស្មើនឹងទំហំវិនិយោគ ៧ ១៧៣,៦៩លាន ដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៨៥គម្រោង ស្មើនឹង ៦ ៤២៨,៧៤លានដុល្លារ ដែលគ្រោងអនុវត្តក្នុងរយៈពេលខ្លីនិងមធ្យម ២០២៣-២០២៧, និងរយៈពេលវែង ២០២៨-២០៣៣។
ស្ថិតក្នុងចំណោមគម្រោងរយៈពេលខ្លីនិងមធ្យមទាំង ៣៥គម្រោង មានគម្រោងកំពុងដំណើរ ការចំនួន ៧គម្រោង ដោយឡែកគម្រោងចំនួន១០ ត្រូវបានបញ្ចប់រួចរាល់ មិនតែប៉ុណ្ណោះ មានគម្រោងចំនួន៦ ដែលគ្រោងនឹងអនុវត្តដែលកំពុងធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ជ្រើសរើសក្រុមហ៊ុនដេញថ្លៃ ឬពុំទាន់មានកិច្ចសន្យា រួមមាន៖
១-គម្រោងផ្លូវថ្មីបាត់ដំបង-សៀមរាប (ថវិកាកម្ចីភាគីចិន) ដែល កំពុងសិក្សាសមិទ្ធិលទ្ធភាព, ២-គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប (ថវិកាកម្ចីភាគីកូរ៉េ) ដែលកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស, ៣-គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត (EX6 និង EX5),
៤-គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ក្រុងខ្សែទី២ ភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវក្រុមការងារ អនុវត្តគម្រោងរួចរាល់, ៥-គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៨, និង ៦-គម្រោងផ្លូវជាតិលេខ៥០C និងស្ពានឆ្លងទន្លេសាប ខេត្តកំពង់ឆ្នាំង-កំពង់ធំ ដែលកំពុងស្ថិតក្នុងការសិក្សាសមិទ្ធិលទ្ធភាពដំបូង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើ ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលដៅ និងគោលបំណងនៃផែនការមេគ្រប់ជ្រុងជ្រោយនេះ រាជរដ្ឋាភិបាលបានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤គម្រោង ដោយគ្របដណ្តប់លើគ្រប់វិស័យ រួមមានវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹកទន្លេ ផ្លូវសមុទ្រ កំពង់ផែ ផ្លូវអាកាស និងភស្តុភារកម្ម ដោយបានបែងចែកទៅជា (i) គម្រោងរយៈពេលខ្លីនិងមធ្យម (៩០គម្រោង) និង (ii) គម្រោងរយៈពេលវែង (៩១គម្រោង)។
គិតត្រឹមឆ្នាំ២០២៤ គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៩០គម្រោង ក្នុងនោះមាន ១៨គម្រោង បាននិងកំពុងដំណើរការ (ស្មើនឹង២០%), គម្រោងចំនួន១៤ បានបញ្ចប់ (ស្មើនឹង១៥%), គម្រោងចំនួន១៦ ជាគម្រោងកំពុងសិក្សានិងរៀបចំ (ស្មើនឹង ១៨%), និងគម្រោងចំនួន៤២ ជា គម្រោងមិនទាន់ដំណើរការ (ស្មើនឹង ៤៧%)។
គួរឱ្យកត់សម្គាល់ផងដែរថា ចំពោះគម្រោងចំនួន៤២ ដែលមិនទាន់បានដំណើរការ ជាតិភស្តុភារកម្ម និងក្រុមប្រឹក្សាជាតិភស្តុភារកម្ម ការកៀរគរធនធាន និងការគាំទ្រនានាសំដៅជំរុញការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត អគ្គនាយកដ្ឋានភស្តុភារកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការ បានកំពុងធ្វើការផ្សព្វផ្សាយទៅដល់ដៃគូអភិវឌ្ឍន៍ ក្នុង តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការមេគ្រប់ជ្រុងជ្រោយ និងការកំណត់គម្រោងអាទិភាពទាំង១០ (Top Ten Priority Project)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)