
ព្រៃវែង៖ ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) ដែលមានប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើន។
ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) ជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយយ៉ាងសំខាន់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដោយសំដៅទាញយកអត្ថប្រយោជន៍ ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មផ្ទៃក្នុង និងតំបន់។
ផ្លូវជាតិនេះ ក៏បានសម្រួលក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ លើសពីនេះទៅទៀត ផ្លូវនេះថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។
ផ្លូវជាតិលេខ១១ (អ្នកលឿង-ថ្នល់ទទឹង) ដែលមានប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
សមិទ្ធិផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖
១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុចអ្នកលឿង និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ប្រវែងផ្លូវ ៩៦,៤៨គីឡូម៉ែត្រ ចំណុចចាប់ផ្ដើមចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង, ចំណុចបញ្ចប់ ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ។
បានបើកការដ្ឋានសាងសង់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដោយបញ្ចប់ការសាងសង់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រយៈពេលសាងសង់ ៤៤ខែ (ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាងផែនការគ្រោងទុក១៤ខែ) ទំហំទឹកប្រាក់គម្រោងប្រមាណ ៩៨,៣៨លានដុល្លារ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)