
ភ្នំពេញ៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន គ្រោងដឹកនាំក្រុមហ៊ុនពី៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
លោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន និងសហការី បានចូលជួបពិភាក្សាការងារ ជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នាឱកាសនៃទិវាទេសចរណ៍ពិភពលោក និងសន្និសិទទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ដើម្បីអបអរសាទរការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦»។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។
ជាការឆ្លើយតប លោក DATO បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកម្ពុជា មានចំនួន ៩៤.២៦០នាក់ កើនឡើង ៧,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួន ៦៦.២៩៨នាក់ កើនឡើង ៨,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
កម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» និងការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ម៉ាឡេស៊ី និងកម្ពុជា ព្រមទាំងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី នឹងមានកំណើនកាន់តែច្រើនឡើងបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)