Register Already an agent ? Login

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ ១០០% បន្តបើកឱ្យឆ្លងកាត់ដល់ថ្ងៃទី១ ខែតុលា

ក្រចេះ៖ មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ខណៈ គម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្រោយថ្ងៃទី១ ខែតុលា ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC, ការងារគូសគំនូសចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។ បើតាមការបញ្ជាក់ក្រសួង។

គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក, គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។

ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះ កំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)