ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលត្រៀមរៀបចំកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។
លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការធ្វើពិសោធន៍ Wind Tunnel របស់ទីប្រឹក្សាបច្ចេកទេស ឆ្លើយតបទៅនឹងការស្នើសុំបញ្ចូលទីតាំងបម្រុងដាក់ប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់បម្រុងទុកដើម្បីផ្គត់ផ្គង់ទឹកស្អាត ពីតំបន់អរិយក្សត្រ មករាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំ មានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។
បើតាម លោក ស៊ឹង សុគង់ បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលត្រៀមរៀបចំកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទទួលបានហិរញ្ញប្បទានពីធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។
ស្ពាននេះជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ ទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ១១៧៤.៩ម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)