Register Already an agent ? Login

ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ

ព្រះសីហនុ៖ នៅខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។ ជាការថ្លែង លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

ការថ្លែង លោក ម៉ាង ស៊ីណេត ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ ភូមិ២ (ប្រមូលទិន្នន័យលើកទី២) និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក បានថ្លែងបញ្ជាក់ថា ការចែកបណ្ណនាពេលនេះ មានចំណុចសំខាន់ៗ ក្នុងនោះ ទទួលបានផលប្រយោជន៍ស្របច្បាប់ ធ្វើឱ្យតម្លៃដីមានភាពរឹងមាំ និងមានស្ថេរភាព ប្រតិបត្តិការទិញ លក់ ជួល ឬបញ្ចាំ បើមានការអភិវឌ្ឍមានការដុះដូរ (ទូទាត់សំណង)។

នាឱកាសនោះ លោក សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក យុវជនស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង ១១១ភូមិ ទទួលបានលទ្ធផលល្អគួរជាទីមោទក។

លោក ក៏បានថ្លែងអំណរគុណមេភូមិ ចៅសង្កាត់ អាជ្ញាធរក្រុង និងខេត្ត បានខិតខំប្រឹងប្រែងផ្សព្វផ្សាយចូលរួមសហការ ដើម្បីមានភាពងាយស្រួល និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីមូលដ្ឋានរបស់យើងមានសុខសន្តិភាព ទទួលបាននូវភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)