Register Already an agent ? Login

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish នឹងបើកការហោះហើរត្រង់ មកអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ ក្រុមហ៊ុន Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ ដែលហោះហើរទៅកាន់គោលដៅជាង ៣៥០កន្លែង ជុំវិញពិភពលោក នឹងបើកការហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សា លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគី ដោយបានដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង ព្រមទាំងសហការី កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

ជំនួបនេះ លោកស្រី ÜLKÜ បានលើកឡើងពីការហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគី មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ​នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈររបស់តួកគី និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំង។

លោក បានបន្តថា ការសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

ការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការគូសបញ្ជាក់ លោក ហួត ហាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)