Register Already an agent ? Login

ក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ មកប្រទេសកម្ពុជាស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ

ភ្នំពេញ៖ ក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានអញ្ជើញមកប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ បើតាមការស្ថានទូតបារាំងប្រចាំកម្ពុជា។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា គណៈប្រតិភូភាគីបារាំង។

គណៈប្រតិភូដឹកនាំដោយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Sidos-Vicat ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស(CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប និងសហព័ន្ធនិយោជកបារាំងអន្តរជាតិ(MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង អនុប្រធានសហព័ន្ធនិយោជកបារំាងអន្តរជាតិ និងជាតំណាងពិសេសរបស់លោករដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។ 

បើតាមជំនួបនេះ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ។

ក្នុងនោះ ក៏មានការទទួលទានអាហារថ្ងៃត្រង់មួយក៏ត្រូវបានរៀបចំឡើងផងដែរ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុជាធំៗដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតភាពជាដៃគូ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)