Register Already an agent ? Login

ម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ឱ្យទាន់ពេលវេលា

ភ្នំពេញ៖ ម្ចាស់យានយន្តរួសរាន់ប្រកាសនិងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ ឱ្យទាន់ពេលវេលា ដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្មើនឹង ១០០% នៃប្រាក់ពន្ធដែលត្រូវបង់។

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងលេខ២៨៩១៥ អពដ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជាការរំលឹកកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥ ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

បើតាម អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួល។

ជាងនេះទៀត អ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ពីធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលតាបត្រដល់ទីតាំង របស់លោកអ្នកផងដែរ។

ក្នុងករណីម្ចាស់កម្មសិទ្ធិយានយន្តមិនបានបំពេញកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា ឬខកខានមិនបានប្រកាសនិង បង់ប្រាក់ពន្ធ ម្ចាស់កម្មសិទ្ធិយានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។

បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិត ជូនដំណឹងជូនដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ (ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)