
ភ្នំពេញ៖ កម្ពុជា បាននាំចេញជ័រកៅស៊ូនិងឈើកៅស៊ូ ទទួលចំណូលជាង ៤៦៨លានដុល្លារ កើនជាង ៤១% រយៈពេល៨ខែ ឆ្នាំ២០២៥។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។
ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៦៨ ០៦២ ៩៨៨ដុល្លារ។ បើតាមការរបាយការណ៍ខាងលើ បានបន្តថា ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៣២៨ ៣៧៥ ៦០០ដុល្លារ និងចំណូលលក់ជ័រកៅស៊ូក្នុងស្រុកចំនួន ១៣៦ ៧៦១ ១១២ដុល្លារ ហើយនិងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២ ៩២៦ ២៧៦ដុល្លារ។
បើតាមរបាយណ៍ដដែល បានបន្តថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ១៨៣,៩១០តោន ថយចុះចំនួន ២៥ ៨២៣តោន ស្មើនឹង ១២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ រីឯ ការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១២ ៧១២ម៉ែត្រគូប។
ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា។ បើតាមការវាយតម្លៃ លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានកៅស៊ូ។
លោក បានបន្តថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២៥ ថ្លៃ ១ ៧៨៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន ២២០ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
គួរបញ្ជាក់ថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង ៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
សូមរម្លឹកផងដែរថា ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបានពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារ កើនឡើងប្រមាណចំនួន ៦.២លានដុល្លា ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)